ត្រាំ គ្រោងនឹងទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដល់ព្រលានយន្ដហោះនៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews នៃទីក្រុងវ៉ាស៊ីនតោន នៅពេលមេដឹកនាំចិនធ្វើដំណើរមកដល់នៅសប្ដាហ៍ក្រោយ សម្រាប់ការបំពេញទស្សនកិច្ច នៅសេតវិមាន។

បើព័ត៌មាននេះក្លាយជាការពិតមែន នោះវាជារឿងកម្របំផុតមួយដែលប្រធានាធិបតីអាមេរិកចេញទៅទទួលស្វាគមន៍មេដឹកនាំបរទេសម្នាក់ដល់ព្រលានយន្ដហោះ។ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដែលបានធ្វើបទបង្ហាញខ្លីទៅកាន់ក្រុមអ្នកសារព័ត៌មានពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី២៤ ខែកញ្ញា បានឱ្យដឹងទៀតថាវាក៏នឹងមានរួមបញ្ចូលផងដែរពិធីស្វាគមន៍ដំណើរ មកដល់របស់មេដឹកនាំចិននៅខាងក្នុងសេតវិមាន ពិធីត្រួតពលនៅឯសួនច្បារ Rose Garden រួមទាំងពិធីលៀងសាយភោជនថ្នាក់រដ្ឋនៅពេលល្ងាច។

បន្ថែមពីលើនេះ នៅក្នុងចំណោមភ្ញៀវកិត្តិយសចូលរួមពិធីលៀងសាយភោជន ក្នុងនោះរួមមាន CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា លោក Jeff Bezos (Amazon) លោក Sundar Pichai (Alphabet) លោក ​Sam Altman (​OpenAI) លោក Tim Cook (អតីត CEO Apple) លោក Elon Musk (Tesla) លោក Jensen Huang (Nvidia) និងលោក Michael Dell (Dell Technologies)

សូមជម្រាបថា បញ្ហាធំៗដូចជាពាណិជ្ជកម្ម រ៉ែកម្រ សេដ្ឋកិច្ចពិភពលោក និង AI រួមទាំងសង្រ្គាមអ៊ីរ៉ង់ ត្រូវបានរំពឹងថានឹងក្លាយជារបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំកំពូលរបស់លោក ត្រាំ និងលោក ស៊ី ជីនពីង៕



 

Powered by Blogger.