រដូវស្សាឆ្នាំនេះ អាចបញ្ចប់ក្នុងសប្តាហ៍ទី៣ នៃខែតុលា លឿនជាងឆ្នាំ២០២៥
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រដូវស្សាឆ្នាំ២០២៦នេះ អាចបញ្ចប់ក្នុងសប្តាហ៍ទី៣ នៃខែតុលា ដែលលឿនជាងធម្មតា និងលឿនជាងឆ្នាំ២០២៥ ។
បេីតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នាថ្ងៃទី៤ កញ្ញា ថា បាតុភូតសកល ៖ យោងតាមការព្យាករ ស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា បាតុភូត អែលនីញ៉ូ (El Niño) បានបន្តស្ថិតនៅ កម្រិត១០០% និងកើនដល់កម្រិតអតិបរមាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ ដោយឡែកបាតុភូត អោយអូឌី (IOD) ដែល ស្ថិតនៅមហាសមុទ្រឥណ្ឌាបានវិវត្តទៅជាវិជ្ជមាន (Positive)។ រដូវវស្សា ៖ នៅចុងរដូវវស្សាចាប់ពីខែកញ្ញា ដល់ខែតុលា មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និង អតិបរមា ៣៦°C ដែលទាបជាងមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៥ ។ បរិមាណទឹកភ្លៀងមានពីបង្ហូរទៅ មធ្យម និងមានកម្ពស់ទាបជាងមធ្យមភាគច្រើនឆ្នាំ ឬប្រហាក់ប្រហែល នឹងមធ្យមភាគច្រើនឆ្នាំ។
ជាសរុបរដូវស្សា ៖ នៅចុងរដូវស្សារហូតបញ្ចប់រដូវស្សាឆ្នាំ២០២៦ សីតុណ្ហភាពមធ្យមអប្បបរមា២៦°C និងអតិបរមា ៣៦°C ដែលទាបជាង សីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៥ ហើយបរិមាណ ទឹកភ្លៀងទាបជាងមធ្យម ភាគច្រើនឆ្នាំជាមួយនឹងរបាយទឹកភ្លៀង មិនបានរាយប៉ាយដូចឆ្នាំ២០២៥ ហើយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតឡើងជាមធ្យម។ រដូវស្សាអាចបញ្ចប់នៅក្នុងសប្តាហ៍ទី៣ នៃខែតុលា ដែលលឿន ជាងធម្មតា និងលឿនជាងឆ្នាំ២០២៥ ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានណែនាំស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុក ដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននិងចាត់ វិធានការរក្សាទឹកទុកឱ្យបានច្រើននៅចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខ៕


Post a Comment