ឧទ្ធម្ភាគចក្រ របស់យោធាថៃ មួយគ្រឿង បានរំលោភបំពានចូល ក្នុងដែនអាកាសកម្ពុជា ចម្ងាយ ៤០០ម៉ែត្រ

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែន អាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំងប្រឆាំង នឹងការហោះចូលដោយគ្មានការអនុញ្ញាតនៃ ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ ចូលក្នុងដែនដីកម្ពុជា ដែលរំលោភបំពានយ៉ាងច្បាស់ មកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា លើច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តទ្វេភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ក្រសួង គូសបញ្ជាក់ថា «នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពាន ចូលក្នុងដែន អាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង»។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សកម្មភាពនេះរំលោភលើ៖ មាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋនីមួយៗ មានអធិបតេយ្យពេញ លេញ និងផ្តាច់មុខលើដែន អាកាសពីលើដែនដីរបស់ខ្លួន ។ មាត្រា៣(គ) នៃអនុសញ្ញាដដែលនេះ បានហាមឃាត់ យន្តហោះរបស់រដ្ឋនីមួយៗ មិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត និងចំណុចទី៦ នៃ វិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ- កម្មាធិការព្រំដែនទូទៅ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ៕





Powered by Blogger.