ក្រុមឈ្មួញសម្រុកនាំចូលទំនិញពីប្រទេសចិន និងវៀតណាមយ៉ាងគំហ៊ុក តាមច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ

អត្ថបទ៖ ថោង វណ្ណា 

ខេត្តក្រចេះ៖ ច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៤ ឃុំស្រែចារ្យ ស្រុកស្នួល ខេត្តក្រចេះ ដែលមានព្រំប្រទល់ជាប់នឹងច្រកអន្តរជាតិ ហ្វាឡឺ (Hoa Lu) ខេត្តប៊ិញភឿក (Binh Phuoc) នៃប្រទេសវៀតណាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងមានភារកិច្ចគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធអាករលើទំនិញនាំចេញ-នាំចូល ព្រមទាំងបង្ក្រាបបទល្មើសគេចពន្ធផ្សេងៗ ដើម្បីសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិ។

បើតាមរបាយការណ៍ឆ្នាំ២០២៤ បង្ហាញថា ស្នាក់ការគយ និងរដ្ធការច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ បានអនុវត្តប្រមូលពន្ធអាករ និងកម្រៃផ្សេងៗចំនួន ១៤៣,៥៥៧,៥០០ រៀល (១៤៣ពាន់, ៥៥៧លាន, ៣៧មុឺន, ៥ពាន់រៀល) បើធៀបនិងឆ្នាំ២០២៣ មានការកើនឡើងចំនួន ៤៨,០៥២,៦៥៩,៥០០ រៀល (៤៨ពាន់, ០៥២ លាន, ៦៥មុឺន, ៩ពាន់, ៥រយរៀល) ដោយក្នុងនោះមានចំណូលសំខាន់ៗរួមមាន (គ្រឿងសំណង់, គ្រឿងអេឡិចត្រូនិក, គ្រឿងឧបភោគបរិភោគ, ផលិតផលវាយនភ័ណ្ឌ(ថ្មី) និងផលិតផលតេសសិលាផ្សេងៗទៀតដូចជា គ្រឿងបន្លាស់រថយន្ត, ប្រេងរំអិល, ក្រណាត់, ភេសជ្ជៈ, ស្រាចំរុះ, ម៉ាសុីនភ្លើង, កង់អគ្គិសនី, បារី, បន្លែ, ផ្លែឈើ និងទំនិញចម្រុះ។

ក្រុមអ្នករកសុីដឹកជញ្ជូនទំនិញមួយចំនួនបង្ហើបឱ្យដឹងថា បច្ចុប្បន្នទំនិញជាច្រើនមុខត្រូវបានធ្វើការនាំចូលពីប្រទេសចិន និងវៀតណាមយ៉ាងគំហ៊ុក តាមច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ពោលបន្ទាប់ពីមានការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃតែម្តង ក្នុងនោះក៏អាចមានប្រភេទទំនិញឡាំសាំ (ទំនិញគេចពន្ធ ជាភាសាបច្ចេកទេសគយ) ដែលឈ្មួញលួចបង្កប់នៅក្នុងទំនិញនាំចូលស្របច្បាប់ ឬទំនិញបង់ពន្ធមិនគ្រប់ផងដែរ។

ពាក់ព័ន្ធប្រភពដែលបានលើកឡើងខាងលើនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាន«ភ្នំពេញដេលី» Sapormean Phnom Penh Daily បានធ្វើការទំនាក់ទំនងទៅលោក ផាត់ សុផល ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ដើម្បីសុំការពន្យល់ ប៉ុន្តែត្រូវបានលោកបដិសេធ និងណែនាំឱ្យដាក់លិខិតស្នើសុំធ្វើបទពិសោធន៍ជាមុនសិន។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឱ្យដឹងថា មន្ត្រីរបស់ស្ថាប័នរដ្ឋ គឺជាសិទ្ធិរបស់គាត់នៅក្នុងការឆ្លើយ ឬមិនឆ្លើយ អញ្ចឹងគាត់ក៏មានសិទ្ធិក្នុងការឱ្យយើងដាក់សំណួរ និងដាក់លិខិតជាបុគ្គល ប៉ុន្តែនៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺមិនមានចែងដែលចាំបាច់ត្រូវតែធ្វើលិខិតស្នាមដើម្បីសុំសម្ភាសន៍ទេ។ បើនិយាយពីសេរីភាពសារព័ត៌មាន គឺមានសិទ្ធិក្នុងការសួរតាមប្រភព ឬតាមជំនាញ ហើយរឿងឆ្លើយតប ឬមិនឆ្លើយតប ក៏មិនមានចែងចាំបាច់ត្រូវតែឆ្លើយដែរ។

សូមជម្រាបជូនថា បន្ទាប់ពីមានការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃកាលណាមក មន្ត្រីគយនៅតាមច្រកព្រំដែន វៀតណាម ប្រៀបបីដូចជាបានកំណប់ធ្លាក់ពីលើមេឃអញ្ចឹង ដែលជាឪកាសអាចប្រមូលលាភសក្ការៈរបៀបពុករលួយពីក្រុមឈ្មួញរកសុីទុច្ចរឹតនាំចូលទំនិញខុសច្បាប់ ពិសេសប្រភេទទំនិញឡាំសាំ (ទំនិញគេចពន្ធ) ដែលឈ្មួញលួចបង្កប់នៅក្នុងទំនិញនាំចូលស្របច្បាប់, សាច់បង្កកដែលនាំចូលពីប្រទេសចិន ឬវៀតណាម បន្លែ ផ្លែឈើ និងត្រីសាច់ជាដើម។ល។

បើតាមរបាយការណ៍ស្តីពីស្ថានភាពចំណូលពន្ធគយនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ បានបង្ហាញថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជិត ១,៥ ពាន់លានដុល្លារអាមេរិក នៅទូទាំងប្រទេស ដែលស្មើនឹងប្រមាណ ៥៨,៦% នៃផែនការច្បាប់ថវិកា។ ចំពោះទំនិញដែលចរាចរណ៍ខ្លាំងតាមច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ភាគច្រើនជាកសិផល (ដំឡូងមី ស្វាយចន្ទី កៅស៊ូ) ដែលនាំចេញទៅវៀតណាម និងការនាំចូលមកវិញនូវ គ្រឿងសំណង់ គ្រឿងចក្រកសិកម្ម ជីគីមី និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ។

ទោះយ៉ាងណាតាមរយៈសារមួយនេះសង្ឃឹមថា លោក ផាត់ សុផល ជាប្រធានស្នាក់ការគយ និងរដ្ឋាករច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលមានតួនាទីក្នុងការគ្រប់គ្រង ត្រួតពិនិត្យ បង្ក្រាបអំពើរត់គេចពន្ធទំនិញឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងមានតួនាទីក្នុងការប្រពន្ធជូនរដ្ធនោះ និងខិតខំបំពេញភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការប្រមូលពន្ធគយនៅច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ មានការកើនឡើងជាងឆ្នាំកន្លងទៅ ជៀសវាងយកអំណាចតួនាទីទៅប្រព្រឹត្តអំពើពុករលួយខុសច្បាប់ ក្នុងការប្រមូលលាភសក្ការៈពីក្រុមឈ្មួញរកសុីទៅធ្វើមានបានផ្ទាល់ខ្លួនឱ្យសោះ៕









Powered by Blogger.