ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលថ្លែងអំណរគុណដល់គ្រូបង្រៀនស្ម័គ្រចិត្ត និងអបអរសាទរសិស្សនិទ្ទេស A ក្នុងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរសិស្សប្រឡងជាប់និទ្ទេស A នៃខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប ៣៦៨នាក់។
ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ
និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់លោកគ្រូ អ្នកគ្រូ
ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន
ស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នដល់សិស្សានុសិស្ស។
ជាមួយការអបអរសាទរ ឯកឧត្តម ហ៊ុន ម៉ានី
បានសង្កត់ធ្ងន់ថា ជោគជ័យនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរួមគ្នា
រវាងការបង្ហាត់បង្រៀនជាប្រចាំរបស់លោកគ្រូ អ្នកគ្រូ ទាំងក្នុងម៉ោងសិក្សា
ទាំងវគ្គបំប៉ន គួបផ្សំនឹងការតស៊ូរបស់សិស្សផ្ទាល់ ដែលបាននាំមកនូវកិត្តិយសមុខមាត់
មិនត្រឹមតែសម្រាប់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ
តែជាមោទនភាពរបស់ខេត្តកំពង់ស្ពឺទាំងមូល។
ជាទិសដៅទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ថា និទ្ទេស A គឺជាចំណុចចាប់ផ្តើមនៃទំព័រថ្មីមួយទៀត
ដូច្នេះយុវជនទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាព រក្សាវិន័យ និងត្រៀមខ្លួនចាប់យកជំនាញនៅកម្រិតឧត្តមសិក្សា។
ឯកឧត្តមបានបន្ថែមថា នៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន
ទីផ្សារការងារទាមទារនូវធនធានមនុស្សដែលមានទាំងចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ
ភាសាបរទេស បច្ចេកវិទ្យា និងសមត្ថភាពអនុវត្តជាក់ស្តែងដែលអាចធ្វើការបានពិតប្រាកដ។
គួររំលឹកផងដែរថា
នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ
ខេត្តកំពង់ស្ពឺមានបេក្ខជនប្រឡងសរុប ៦.០៣៦នាក់ ក្នុងនោះអ្នកប្រឡងជាប់មាន ៥.២២២នាក់
(ស្មើនឹង ៨៦,៥១%)។ សម្រាប់សិស្សនិទ្ទេស A ទាំង ៣១នាក់ (ស្រី ២២នាក់) រួមមានមកពី៖ ក្រុងច្បារមន ១៥នាក់, ក្រុងឧដុង្គម៉ែជ័យ ៧នាក់, ស្រុកបសេដ្ឋ ៣នាក់,
ស្រុកសាមគ្គីមុនីជ័យ ២នាក់, ស្រុកសំរោងទង
២នាក់, ស្រុកភ្នំស្រួច ១នាក់ និងស្រុកគងពិសី ១នាក់។
អ្វីដែលកាន់តែគួរឱ្យកោតសរសើរ
និងរំជួលចិត្តថែមទៀតនោះ គឺក្នុងចំណោមសិស្សនិទ្ទេស A ក៏មានយុវតីពីររូបដែលជាកុមារកំព្រា
ដែលនេះសបញ្ជាក់ឱ្យឃើញពីការតស៊ូជម្នះរាល់ឧបសគ្គដើម្បីភាពជោគជ័យក្នុងជីវិត៕









Post a Comment