ក្រសួងព័ត៌មាន បើកវេទិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦» (Zero Fake News Media Forumand Award Contest) mutumsug "Fighting Against Fake News and Upholding information Integrityinthe Mekong - LancangRegion”។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។
កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
វេទិកាពេញមួយថ្ងៃនេះមានអ្នកចូលរួមប្រមាណ ៣០០នាក់ រួមមានតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងស្ថានទូតបណ្តាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកជំនាញផ្ទៀងផ្ទាត់ព័ត៌មាន តំណាងសង្គមស៊ីវិល វាគ្មិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មកពីកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។
វេទិកានេះក៏នឹងផ្ដោតសំខាន់លើការចែករំលែកបទពិសោធល្អៗ
លើការផ្ទៀងផ្ទាត់ព័ត៌មានពិត (Fact-checking) ការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល
ការឆ្លើយតបចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតព័ត៌មានក្លែងក្លាយ
និងការផ្សព្វផ្សាយព័ត៌មានអំឡុងពេលវិបត្តិព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់
ក្នុងការទប់ស្កាត់ការសាយភាយព័ត៌មានមិនពិតឆ្លងដែន ស្របតាមទិសស្លោក «ផ្ទៀងផ្ទាត់មុនចែករំលែក (Verify Before You Share)» និង «រួមគ្នាដើម្បីសុចរិតភាពព័ត៌មាន (Together
for Information Integrity)»។
ជាមួយគ្នានេះ
ក្រសួងព័ត៌មានក៏នឹងរៀបចំពិធីប្រគល់ពានរង្វាន់ «ជ័យលាភីអ្នកសារព័ត៌មាន
និងអ្នកផលិតមាតិកាប្រឆាំងព័ត៌មានក្លែងក្លាយ» ដល់ម្ចាស់ជ័យលាភីចំនួន
៥រូប ដែលបានផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត សីលធម៌វិជ្ជាជីវៈ
និងមានឥទ្ធិពលវិជ្ជមានដល់សង្គម។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមគម្រោង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
ការពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងព័ត៌មានមិនពិត
បន្ទាប់ពីកម្មវិធីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន
(ដំណាក់កាលទី២)» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ដោយប្រើទិសស្លោក «ផ្ទៀងផ្ទាត់ មុនចែក រំលែក» និង «រួមគ្នាដើម្បីសុចរិតភាពព័ត៌មាន»។
តាមការរំពឹងទុកវេទិកានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងបណ្តាញអ្នកសារព័ត៌មាន
និងអ្នកផលិតមាតិកា
ដែលមានទំនួលខុសត្រូវខ្ពស់លើកកម្ពស់ទំនុកចិត្តសាធារណៈលើប្រភពព័ត៌មានច្បាស់ការណ៍
ព្រមទាំងពង្រឹងភាពធន់របស់សង្គមជាតិ និងតំបន់មេគង្គ-ឡានឆាងទាំងមូល
ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ប្រកបដោយប្រសិទ្ធភាពជាពិសេសវេទិកានេះនឹងជួយពង្រឹងតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ
ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្លងដែន
ដែលបាននឹងកំពុងចរាចរយ៉ាងឆាប់រហ័សនៅក្នុងតំបន់៕












Post a Comment