ឯកឧត្ដម គង់ គឹមនី៖ ចង់នាំចេញ ត្រូវមានស្តង់ដារ, មណ្ឌលគិរីពង្រឹងអនុលោមភាពភូតគាមអនាម័យ និងប្រភពដើមទំនិញ

 អត្ថបទ៖ ជឹម ទច

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាស្តីពី អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ ដែលរៀបចំឡើងនៅសាលប្រជុំសណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក វឿង ប្រយុទ្ធ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្ម ព្រមទាំងអាជីវករ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

សិក្ខាសិលានោះ ផ្តោតលើការពង្រឹងស្តង់ដារផលិតផល និងសមត្ថភាពនាំចេញការរៀបចំសិក្ខាសាលានេះ មានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់អ្នកផលិត អាជីវករ និងវិស័យឯកជន អំពីលក្ខខណ្ឌតម្រូវនានាដែលពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម និងទំនិញទៅកាន់ទីផ្សារខាងក្រៅប្រទេស។

ក្នុងនោះ អនុលោមភាពភូតគាមអនាម័យ គឺជាចំណុចសំខាន់មួយសម្រាប់ធានាថា ផលិតផលកសិកម្មដែលត្រូវនាំចេញ មានការគ្រប់គ្រង និងអនុលោមតាមលក្ខខណ្ឌពាក់ព័ន្ធនឹងសុខភាពរុក្ខជាតិ និងសុវត្ថិភាពផលិតផល ដើម្បីបង្កើនទំនុកចិត្តពីសំណាក់ទីផ្សារ និងប្រទេសគោលដៅនាំចេញ។

ជាមួយគ្នានេះ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ក៏ជាឯកសារសំខាន់មួយសម្រាប់បញ្ជាក់អំពីប្រភពដើមនៃទំនិញ ដែលអាចជួយឱ្យការនាំចេញមានភាពច្បាស់លាស់ ស្របតាមតម្រូវការរបស់ទីផ្សារ និងបទប្បញ្ញត្តិរបស់ប្រទេសនាំចូល។ ចូលរួមពង្រឹងផលិតផលក្នុងស្រុក ឱ្យមានលទ្ធភាពប្រកួតប្រជែងនៅទីផ្សារអន្តរជាតិសម្រាប់ខេត្តមណ្ឌលគិរី ដែលមានសក្តានុពលលើវិស័យកសិកម្ម និងផលិតផលក្នុងស្រុក ការយល់ដឹងអំពីនីតិវិធី បទដ្ឋាន និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ គឺជាកត្តាសំខាន់ក្នុងការជួយឱ្យផលិតករ និងអាជីវករ អាចរៀបចំផលិតផលរបស់ខ្លួនឱ្យស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ។

ការអនុវត្តបានត្រឹមត្រូវនូវលក្ខខណ្ឌភូតគាមអនាម័យ ការមានឯកសារបញ្ជាក់ប្រភពដើមទំនិញច្បាស់លាស់ និងការគោរពតាមនីតិវិធីនៃការនាំចេញ នឹងចូលរួមកាត់បន្ថយឧបសគ្គផ្នែកបច្ចេកទេសក្នុងការធ្វើពាណិជ្ជកម្ម ព្រមទាំងជួយបង្កើនភាពជឿទុកចិត្តចំពោះផលិតផលរបស់កម្ពុជា។

លើសពីនេះ ការពង្រឹងសមត្ថភាពរបស់អាជីវករ និងអ្នកផលិតក្នុងការយល់ដឹងពីតម្រូវការនាំចេញ ក៏អាចជួយបង្កើនឱកាសចូលដល់ទីផ្សារថ្មីៗ និងបង្កើតតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក និងជំរុញកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន សិក្ខាសាលានេះក៏ជាវេទិកាមួយសម្រាប់ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងព័ត៌មានពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម និងការនាំចេញ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្ម អាជីវករ និងវិស័យឯកជន។

កិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់ មានសារៈសំខាន់ក្នុងការជួយដោះស្រាយបញ្ហាប្រឈម បំពេញចន្លោះខ្វះខាតផ្នែកព័ត៌មាន និងនីតិវិធី ព្រមទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើអាជីវកម្ម និងការនាំចេញផលិតផលកសិកម្មពីមូលដ្ឋានទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។

តាមរយៈការរៀបចំសិក្ខាសាលានេះ ការផ្តល់ចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់ដល់អ្នកពាក់ព័ន្ធ នឹងក្លាយជាមូលដ្ឋានសម្រាប់ការចូលរួមលើកកម្ពស់គុណភាពផលិតផល ការអនុលោមតាមស្តង់ដារ និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ ការចូលរួមរបស់ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវបានចាត់ទុកថាជាកម្លាំងសំខាន់ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងការនាំចេញ ក៏ដូចជាចូលរួមបង្កើនឱកាសទីផ្សារ និងប្រាក់ចំណូលសម្រាប់អ្នកផលិត និងអាជីវករ នៅក្នុងខេត្តមណ្ឌលគិរី និងទូទាំងប្រទេស។

សិក្ខាសាលាបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយការចូលរួម និងការផ្លាស់ប្តូរចំណេះដឹង ដោយផ្តោតសំខាន់លើការពង្រឹងការយល់ដឹងអំពីលក្ខខណ្ឌ និងនីតិវិធីដែលពាក់ព័ន្ធនឹងការនាំចេញ ដើម្បីរួមចំណែកជំរុញផលិតផលកម្ពុជាឱ្យមានគុណភាព ស្តង់ដារ និងភាពជឿជាក់នៅលើទីផ្សារ៕












 

Powered by Blogger.