ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក
ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តម កើត
រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃសាលាដំបូង
និងអយ្យការអមសាលាដំបូងខេត្តកែប។
នៅក្នុងពិធីនេះ
ក៏មានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សានិងអភិបាលនៃគណៈអភិបាលខេត្តកែប, អភិបាលនៃគណៈអភិបាលខេត្តកំពត, សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម,
ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍តំបន់,
អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់, ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ប្រធានសាលាដំបូង
និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត, ចៅក្រម
ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ ផងដែរ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនេះ ពិតជាមានអត្ថន័យដ៏វិសេសវិសាល
ដោយសារពិធីនេះ ត្រូវបានរៀបចំឡើងចំថ្ងៃខួប ៥ឆ្នាំ
នៃការដាក់ឱ្យដំណើរជាផ្លូវការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប
ដែលជាសាលាដំបូងកូនពៅ និងជាថ្ងៃប្រកាសឱ្យប្រើនូវរដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។
បន្ថែមពីនេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី
បានបញ្ជាក់ថា ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាដំបូង
និងអយ្យការអមសាលាដំបូងនៅតាមបណ្តារាជធានី-ខេត្ត
គឺជាការចាំបាច់ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាបន្តបន្ទាប់នូវការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ
ស្របពេលដែលមានការកើនឡើងជាលំដាប់នូវចំនួនសំណុំរឿង និងចំនួនមន្ត្រីនៅតាមសាលាជម្រះក្តី។
លើសពីនេះ, ដោយមានការគាំទ្រ
និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំពីសំណាក់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជា
រាជរដ្ឋាភិបាល នីតិកាលមុនៗ
វិស័យយុត្តិធម៌បានដោះស្រាយជាបន្តបន្ទាប់នូវតម្រូវការចាំបាច់ក្នុងវិស័យយុត្តិធម៌
ពិសេស ការដោះស្រាយរកទីតាំងផ្ទាល់ខ្លួនរបស់សាលាជម្រះក្តី
រហូតដល់ការសាងសង់អគារថ្មីៗនៃសាលាជម្រះក្តីនានាជាបន្តបន្ទាប់
ដែលអាចផ្តល់លទ្ធភាពឱ្យមន្រ្តីក្នុងវិស័យយុត្តិធម៌
អាចបំពេញមុខងាររបស់ខ្លួនកាន់តែមានភាពសកម្ម និង មានប្រសិទ្ធភាព ក៏ដូចជា
លើកកម្ពស់នូវមុខមាត់នៃវិស័យយុត្តិធម៌ជារួមផងដែរ។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី
ក៏បានធ្វើការ ថ្លែងអំណរគុណជូនចំពោះរដ្ឋបាលខេត្តកែប ដែលបានផ្តល់ទីតាំងដីចំនួន
២កន្លែង រួមមាន ដីសម្រាប់សាងសង់នូវអគារសាលាដំបូងថ្មីនេះ និង
មួយកន្លែងទៀតសម្រាប់ធ្វើជាឃ្លាំងរក្សាទុកវត្ថុតាង។
ឆ្លៀតក្នុងឱកាសនៃពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធី
អំពីទិសដៅកាងារកែទម្រងប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាលនាតិកាលទី៧ នៃរដ្ឋសភា
ដែលផ្តោតលើ សរសរស្តម្ភទចំនួន ២ រួមមាន៖ សសរស្តម្ភទី១-
ការកែទម្រង់ការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និង
សសរស្តម្ភទី២-ការកែទម្រង់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ជាមួយគ្នានេះ,
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្ដាំផ្ញើ
ជូនអង្គពិធីនូវចំណុចសំខាន់ៗមួយចំនួនផងដែរ ដូចខាងក្រោម៖
១-ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា
និងមន្ត្រីរដ្ឋបាលតុលាការគ្រប់រូប ត្រូវយកចិត្តទុកដាក់បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ
ដែលជាផ្នែកមួយដ៏សំខាន់នៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌។
២-ត្រូវបន្តចូលរួមអនុវត្តឱ្យបានកាន់តែសកម្ម ស្វាហាប់ និង
កុំឱ្យធ្លាក់ដៃនូវយុទ្ធនាការទាំង ២ គឺ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ
និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បី
ទទួលបានលទ្ធផលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
៣-ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ក្នុងការអនុវត្តការងាររបស់ខ្លួន
និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ
និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន និងត្រូវប្រើប្រាស់សិទ្ធិអំណាច
និងឆន្ទានុសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវ
“ឧត្តមគតិយុត្តិធម៌” ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
៤- ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
នឹងបន្តលើកកម្ពស់ការអនុវត្តនូវគោលការណ៍ “គុណាធិបតេយ្យ”ក្នុងវិស័យយុត្តិធម៌។
៥-លើកទឹកចិត្តដល់ចៅក្រមទាំងអស់
ឱ្យធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគី
ចំពោះវិវាទណាដែលច្បាប់អនុញ្ញាតឱ្យធ្វើការសម្រុះសម្រួលផ្សះផ្សា។
គូសបញ្ជាក់ផងដែរថា សំណង់អគារថ្មីនៃសាលាដំបូង
និងអយ្យការអមសាលាដំបូងខេត្តកែបនេះ ត្រូវបានសាងសង់ឡើងប្រើរយៈពេលប្រមាណ ១២ខែ
ដោយមានប្លង់ស្ថាបត្យកម្មតាម រចនាបថខ្មែរ ជាទម្រង់សាលាជម្រះក្តី
ដោយតាមលំនាំអគារសាលាយុត្តិធម្ម ដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជ
ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្ន
ជាទីស្តីការក្រសួងយុត្តិធម៌៕












Post a Comment