វិមានក្រឹមឡាំង៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន នឹងកាន់តែពិបាកសម្រេច បើ ត្រាំ ចុះហត្ថលេខាលើទណ្ឌកម្មថ្មី
មូស្គូ៖ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា ការដាក់ទណ្ឌកម្មបន្ថែមរបស់សហរដ្ឋអាមេរិក មកលើប្រទេសរុស្ស៊ី នឹងធ្វើឱ្យកាន់តែពិបាកក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។
កាលពីថ្ងៃពុធសប្តាហ៍នេះ
សភាតំណាងរាស្ត្រអាមេរិក
បានអនុម័តកញ្ចប់វិធានការដាក់ទណ្ឌកម្មបន្ថែមយ៉ាងទូលំទូលាយមួយ ដែលមានគោលបំណង
បង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន
ហើយបានបញ្ជូនសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មនេះ ទៅកាន់ប្រធានាធិបតី លោក ដូណាល់
ត្រាំ ដើម្បីចុះហត្ថលេខាចូលជាធរមាន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov បានប្រាប់អ្នកសារព័ត៌មានថា «ជាការពិត
យើងកំពុងតាមដានដំណើរការនៃឯកសារនេះ។ វាស្ថិតក្នុងប្រភេទសកម្មភាព
ដែលប្រកាន់ជំហរអមិត្ត ហើយប្រាកដណាស់ ការដាក់ទណ្ឌកម្មបន្ថែមណាមួយពីសហរដ្ឋអាមេរិក
នឹងធ្វើឱ្យកាន់តែស្មុគស្មាញដល់
កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន»។
កិច្ចខិតខំប្រឹងប្រែង
ដែលសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ដែលបានអូសបន្លាយរយៈពេល ៤ឆ្នាំកន្លះមកហើយ បានជាប់គាំងអស់រយៈពេលជាច្រើនខែ។
ប៉ុន្តែលោកប្រធានាធិបតី ត្រាំ ទើបតែបានបញ្ជូនបេសកជនពីររូប
ទៅកាន់ទីក្រុងមូស្គូនិងទីក្រុងកៀវ កាលពីពេលថ្មីៗក្នុងខែនេះ
ក្រោមកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចចរចាឱ្យដំណើរការឡើងវិញ។
សេចក្តីព្រាងច្បាប់ទណ្ឌកម្មរបស់អាមេរិក
ផ្តោតលើវិស័យថាមពល និងវិស័យការពារជាតិរបស់រុស្ស៊ី ព្រមទាំងក្រុមកប៉ាល់ស្រមោល
ដែលជាក្រុមនាវាដឹកប្រេងព្យាយាមគេចវេះពីទណ្ឌកម្ម ក្នុងគោលដៅកាត់បន្ថយចំណូលរបស់ទីក្រុងមូស្គូ
ដែលអាចប្រើសម្រាប់ទ្រទ្រង់ដល់សង្គ្រាមនៅអ៊ុយក្រែន។
សេចក្តីព្រាងច្បាប់ខាងលើ ក៏ផ្តល់សិទ្ធិឱ្យលោក
ត្រាំ ដាក់ពន្ធគយរហូតដល់ ១០០ភាគរយ លើចិន ឥណ្ឌា និងប្រទេសផ្សេងទៀត
ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេ លើប្រេងនិងឧស្ម័នរបស់រុស្ស៊ី ផងដែរ។ ឥណ្ឌាបានព្រមានទីក្រុងវ៉ាស៊ីនតោនថា
វិធានការថ្មីៗក្នុងការដាក់ពន្ធគយ ដោយសារការទិញប្រេងរុស្ស៊ី
អាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី៕ ប្រភព៖ Reuters

Post a Comment