សម្តេចធិបតី៖ កម្ពុជា នឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជនមកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើយ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា នឹងមិនអនុញ្ញាត ឱ្យបណ្ដាញឧក្រិដ្ឋជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។
ក្នុងបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរ ច្បាស់លាស់ថា កម្ពុជា នឹងមិនជាទីជម្រកសុវត្ថិភាព អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ សម្ដេចធិបតី ចាត់ទុកដា ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីមួយ ក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈខុសប្លែក ទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។
សម្ដេចធិបតី មានប្រសាសន៍ថា «កម្ពុជា នឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជន មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧លាននាក់នោះឡើយ។ ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនបានចាប់ផ្ដើមក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនបានកើតឡើងតែក្នុងប្រទេសកម្ពុជានោះដែរ»។
សូមរំលឹកថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរ បានឆ្មក់ចូលទីតាំងសង្ស័យ ៨៣២ទីតាំង ប្រតិបត្តិការបង្ក្រាបការឆបោកបានចំនួន ៦៦៣ទីតាំង លុបបំបាត់មណ្ឌលឆបោកបានចំនួន៨៦កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ២៩ ០០០នាក់ មានចំនួន៣៩សញ្ជាតិ។ បុគ្គលជាង ២២ ០០០នាក់ មកពី ៣៨ប្រទេស ត្រូវបានចាប់បញ្ជូនទៅប្រទេសដើម ខណៈមនុស្សជាច្រើនផ្សេងទៀត កំពុងស្ថិតក្នុងដំណើរការ នៃការបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ៕

Post a Comment