ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាថានឹងការពារយ៉ាងម៉ឺងម៉ាត់ជំហររបស់ប្រទេសលោក
តេហេរ៉ង់៖ ក្នុងពេលចេញដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានប្តេជ្ញាថា រូបលោកនឹងការពារយ៉ាងម៉ឺងម៉ាត់ នូវគោលជំហររបស់ប្រទេសអ៊ីរ៉ង់ ។
លោក Pezeshkian គ្រោងនឹងឡើងថ្លែងសុន្ទរកថា
នៅកិច្ចប្រជុំរបស់ UN នាថ្ងៃពុធស្អែកនេះ។
មុនពេលចាកចេញពីប្រទេស លោកបាននិយាយដូច្នេះថា «យើងនឹងប្រើប្រាស់ឱកាសនេះ
ឱ្យបានល្អបំផុត ដើម្បីបង្ហាញពីស្ថានភាពលំបាករបស់អ៊ីរ៉ង់ ទៅកាន់សហគមន៍អន្តរជាតិ។
ទន្ទឹមគ្នា យើងនឹងប្រាប់ទៅសត្រូវរបស់យើងយ៉ាងម៉ឺងម៉ាត់ថា
ទោះបីបានប្រឈមនឹងភាពអយុត្តិធម៌ គ្រប់បែបយ៉ាងក៏ដោយ
ប្រជាជនអ៉ីរ៉ង់នៅតែប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន»។
លោក Pezeshkian នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ង់
ដែលធ្វើដំណើរទៅកាន់ទឹកដីអាមេរិក ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ
បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។
បើតាមក្រសួងការបរទេសអាមេរិក សហរដ្ឋអាមេរិក
បានយល់ព្រមឱ្យសមាជិកមួយចំនួន នៃគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅចូលរួម
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ទោះបីមានសង្គ្រាមនឹងគ្នាក៏ដោយ
ប៉ុន្តែប្រតិភូអ៊ីរ៉ង់ នឹងត្រូវរឹតត្បិតការធ្វើដំណើរ។ ទោះជាយ៉ាងណា
សមាជិកក្រុមការងារទំនាក់ទំនងរបស់ប្រធានាធិបតីអ៊ីរ៉ង់ រួមទាំងអ្នកនាំពាក្យរបស់លោក
មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅជាមួយទេ បន្ទាប់ពីពួកគេត្រូវបានបដិសេធទិដ្ឋាការ៕ ប្រភព៖ AFP

Post a Comment