កូរ៉េខាងត្បូងទាមទារឱ្យអ៊ុយក្រែនធ្វើការសុំទោស ចំពោះការទម្លាយព័ត៌មានអំពីការផ្ទេរឈ្លើយសឹកកូរ៉េខាងជើង
សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានទាមទារការពន្យល់ជាផ្លូវការ និងការសូមទោសពីអ៊ុយក្រែន ដោយចោទទីក្រុងកៀវថាបានទម្លាយពីកិច្ចព្រមព្រៀងសម្ងាត់រវាងប្រទេសទាំង២ ពាក់ព័ន្ធនឹងការបញ្ជូនទាហានកូរ៉េខាងជើង ២នាក់ទៅកាន់កូរ៉េខាងត្បូង។
ប្រតិកម្មរបស់កូរ៉េខាងត្បូងធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ
ទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ «ការិយាល័យប្រធានាធិបតីសូមបង្ហាញការសោកស្ដាយជាខ្លាំងចំពោះការទម្លាយជាសាធារណៈដោយឯកតោភាគីរបស់អ៊ុយក្រែន
និងការបដិសេធរបស់ទីក្រុងកៀវដែលថាមិនមានកិច្ចព្រមព្រៀងសម្ងាត់ទ្វេភាគីបែបនេះទេ»។ នេះជាការគូសបញ្ជាក់របស់លោក Seong Ghi-hong ជាលេខាធិការទទួលបន្ទុកទំនាក់ទំនងសាធារណៈនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
លោកបានបន្តទៀតថារដ្ឋាភិបាលទីក្រុងសេអ៊ូលកំពុងពិនិត្យឡើងវិញលើវិធានការបន្ថែមជុំវិញបញ្ហានេះ
ប្រសិនបើចាំបាច់។
តាមលោក Seong Ghi-hong អ៊ុយក្រែនបានពិភាក្សាម្ដងហើយម្ដងទៀតពីការផ្ទេរឈ្លើយសឹកជាមួយទីក្រុងសេអ៊ូល
តាមរយៈបណ្ដាញការទូតជាច្រើន ហើយបានស្នើឱ្យទុករឿងនេះជាការណ៍សម្ងាត់
ពីព្រោះការទម្លាយឱ្យដឹងសាធារណៈអាចនឹងបង្កការរិះគន់លើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី
ហ្សេលេនស្គី ថាបានបោះបង់ចោលឱកាសមួយដើម្បីដោះដូរទាហានកូរ៉េខាងជើង
ដែលត្រូវបានចាប់ជាឈ្លើយសឹកជាមួយទាហានអ៊ុយក្រែនជាឈ្លើយសឹក។
មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងរូបនេះបានអះអាងថាកូរ៉េខាងត្បូងបានយល់ព្រមរក្សាការផ្ទេរទាហានកូរ៉េខាងជើងជាការណ៍សម្ងាត់
នៅក្រោមហេតុផលសន្តិសុខ ការទូត និងមនុស្សធម៌ ក្នុងនោះរួមមានទាំងការការពារសុវត្ថិភាពឈ្លើយសឹក
និងសមាជិកគ្រួសាររបស់ពួកគេនៅកូរ៉េខាងជើង។
ក៏ប៉ុន្តែបើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង
អ៊ុយក្រែនបែរជាទម្លាយព័ត៌មានខាងលើជាសាធារណៈក្នុងពេលដែលលោក
ហ្សេលេនស្គីថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ
ដោយមិនបានពិគ្រោះយោបល់ជាមួយកូរ៉េខាងត្បូងជាមុន
ហើយថែមទាំងបដិសេធថាមិនមានកិច្ចព្រមព្រៀងសម្ងាត់បែបនេះរវាងសេអ៊ូល និងកៀវ ទៀតផង។ លោក
Seong
បាននិយាយថាការបដិសេធនេះបានបង្កការខូចខាតធ្ងន់ដល់ទំនុកចិត្តរវាងប្រទេសទាំង២
ហើយអាចនឹងឈានដល់ធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគី។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី
កាលពីសប្ដាហ៍មុនបាននិយាយថាអ៊ុយក្រែនបានផ្ទេរទាហានកូរ៉េខាងជើង២នាក់ដែលត្រូវបានចាប់ជាឈ្លើយសឹកទៅកាន់កូរ៉េខាងត្បូង។
ទាហានកូរ៉េខាងជើងទាំង២នេះត្រូវបានចាប់ខ្លួនអំឡុងការវាយប្រយុទ្ធគ្នាជាមួយទាហានអ៊ុយក្រែនក្នុងតំបន់
Kursk
របស់រុស្ស៉ី។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក៏បាននិយាយដែរថាការទម្លាយព័ត៌មានពីការផ្ទេរទាហានកូរ៉េខាងជើង
គឺជាទង្វើបំពានកិច្ចព្រមព្រៀងសម្ងាត់ទ្វេភាគី៕

Post a Comment