មនុស្ស៨នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់នៅប្រទេសថៃ គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញា
បាងកក៖ រដ្ឋាភិបាលថៃ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថា មនុស្ស៨នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅប្រទេសថៃ គិតចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា ប៉ុន្តែពុំមានអ្នកស្លាប់ត្រូវបានរាយការណ៍នៅរាជធានីបាងកកទេ ជាទីដែលទើបបានប្រកាសទីក្រុងទាំងមូល ជាតំបន់គ្រោះមហន្តរាយ កាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ប៉ុន្មានថ្ងៃជាប់គ្នា។
យោងតាមនាយកដ្ឋានទប់ស្កាត់
និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) អ្នកស្លាប់ទាំង៨នាក់
ស្ថិតនៅតាមបណ្តាខេត្តភាគខាងកើត ដោយមាន៥នាក់នៅខេត្ត Sa Kaeo ២នាក់នៅខេត្ត
Chanthaburi និងម្នាក់នៅខេត្ត Saraburi។ ដោយមិនរាប់បញ្ចូលទីក្រុងបាងកក មនុស្សសរុបជាង ១,៧លាននាក់
និងគ្រួសារជាង ៥០០ ០០០គ្រួសារ នៅទូទាំងខេត្តចំនួន២៧
ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរងផលប៉ះពាល់ដោយទឹកជំនន់។ ចំណែកនៅរាជធានីបាងកក
មានប្រជាជនប្រមាណ ៥២ ០០០គ្រួសារទៀត រងផលប៉ះពាល់ បន្ទាប់ពីទីក្រុងនេះ
បានប្រកាសជាតំបន់គ្រោះមហន្តរាយទូទាំងទីក្រុង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន
ក្រោយភ្លៀងធ្លាក់ខ្លាំងជាប់រហូតជិត៤៨ម៉ោង បានបង្កការជន់លិចធ្ងន់ធ្ងរ។
មកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ជាផ្លូវការអំពីមនុស្សស្លាប់នៅទីក្រុងបាងកកនៅឡើយទេ
ខណៈ DDPM
បាននិយាយថា កម្រិតទឹកនៅក្នុងទីក្រុង បានថមថយមកនៅ
ស្ថានភាពមានស្ថិរភាព។ ទោះជាយ៉ាងណា អ្នកយកព័ត៌មានរបស់ AFP បានឃើញមានភ្លៀងធ្លាក់ខ្លាំង
និងការជន់លិច នៅយ៉ាងហោចណាស់តំបន់មួយក្នុងភាគខាងកើតទីក្រុង ដោយប្រជាជន
ត្រូវបន្តដើរលុយទឹកដែលមានជម្រៅត្រឹមភ្លៅ។
នាព្រឹកថ្ងៃចន្ទនេះ
ផ្លូវថ្នល់និងមធ្យោបាយដឹកជញ្ជូនសាធារណៈ មានភាពស្ងាត់ជាងធម្មតា
ខណៈដែលសាលារៀនត្រូវបានបិទ ហើយប្រជាជនត្រូវបានណែនាំឱ្យធ្វើការពីផ្ទះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Ekkapob Pianpises បានឱ្យដឹងដូច្នេះថា
«តំបន់មួយចំនួនក្នុងទីក្រុងបាងកក
នៅតែប្រឈមនឹងកម្រិតទឹកខ្ពស់ ប៉ុន្តែប្រព័ន្ធបង្ហូរទឹក
បានជួយបន្ថយកម្រិតទឹកឱ្យស្រកចុះខ្លះវិញ ដល់កម្រិតដែលអនុញ្ញាតឱ្យមនុស្សកាន់តែច្រើន
អាចធ្វើដំណើរបាន។
សូមជម្រាបថា នៅប្រទេសថៃ
ខែកញ្ញាគឺជាខែដែលជាទូទៅមានភ្លៀងធ្លាក់ខ្លាំងបំផុត អំឡុងរដូវវស្សា
ប៉ុន្តែប្រជាជនថៃជាច្រើន បានយល់ឃើញថា ស្ថានការណ៍នៅឆ្នាំនេះ
ហាក់ដូចជាធ្ងន់ធ្ងរជាងឆ្នាំមុនៗ៕

Post a Comment