រុស្ស៉ី បាញ់មីស៊ីលបាលិស្ទីគលើរដ្ឋធានីកៀវ ក្រោយបេសកជនអាមេរិកចាកចេញពីអ៊ុយក្រែន
បរទេស៖ រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសឡើងវិញលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ភ្លាមៗបន្ទាប់ពីបេសកជនពិសេសអាមេរិកចាកចេញពីអ៊ុយក្រែន ដោយបាញ់មីស៊ីលបាលិស្ទីគបណ្ដាលឱ្យមនុស្ស ៦នាក់រងរបួស។
រុស្ស៉ីបានបើកការវាយប្រហារឡើងវិញលើរដ្ឋធានីកៀវ
តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបេសកជនពិសេសអាមេរិក លោក Jared
Kushner និងលោក Steve Witkoff បានចាកចេញពីអ៊ុយក្រែន
ក្រោយកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះស្របពេលរដ្ឋបាលលោក ត្រាំ
ចាប់ផ្ដើមកិច្ចប្រឹងប្រែងជាថ្មីដើម្បី បិទបញ្ចប់សង្រ្គាមអ៊ុយក្រែន។
បើតាមអាជ្ញាធរអ៊ុយក្រែន
មនុស្សជាច្រើននាក់ក៏កំពុងជាប់គាំងនៅក្នុងអគារស្នាក់នៅមួយកន្លែងផងដែរ
ខណៈអគ្គិភ័យត្រូវបានរាយការណ៍នៅទូទាំងរដ្ឋធានីកៀវ ក្រោយការវាយប្រហារដោយ
មីស៊ីលបាលិស្ទីគពីសំណាក់រុស្ស៉ី។ ដោយឡែក ខណៈស្នូរផ្ទុះកើតឡើងក្នុងទីក្រុងកៀវ
ប្រទេសក្បែរខាងអ៊ុយក្រែន គឺប៉ូឡូញដែលជាសមាជិក NATO និងសហភាពអឺរ៉ុប
បានចល័តយន្ដហោះចម្បាំង ដើម្បីធ្វើប្រតិបត្តិការការពារដែនអាកាសរបស់ខ្លួន។
សូមជម្រាបថា មុនធ្វើទស្សនកិច្ចនៅអ៊ុយក្រែន
បេសកជនពិសេសអាមេរិកក៏បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូផងដែរ
ជាទីដែលពួកគេបានជួបពិភាក្សាជាមួយលោក ពូទីន ហើយអះអាងពីភាពរីកចម្រើន
ក្នុងដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ប្រទេសទាំង២៕ (Reuters)

Post a Comment