ជីសរីរាង្គដែលជួយកែលម្អដី បង្កើនផលិតផល និងជីវភាពកសិករ

ខេត្តកំពង់ឆ្នាំង៖ ខណៈវិស័យកសិកម្មកម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ការកែលម្អគុណភាពដី កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញរបស់កសិករ កំពុងក្លាយជាកត្តាសំខាន់សម្រាប់ការបង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្ម។

ក្នុងបរិបទនេះ ជីសរីរាង្គ បូកាឈីរ៉ា ដែលផលិតតាមគោលការណ៍ និងបច្ចេកទេសដែលផ្អែកលើបទពិសោធន៍ពីប្រទេសជប៉ុន ត្រូវបានអភិវឌ្ឍឡើងដោយផ្តោតលើការកែលម្អគុណភាពដី និងបង្កើតបរិស្ថានដីកាន់តែសមស្របសម្រាប់ការដាំដុះ។

លោក អៀង សុធារ៉ា សហស្ថាបនិកសហគ្រាស បូកាឈីរ៉ា ជីសរីរាង្គ និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន មានប្រសាសន៍ថា “ការប្រើប្រាស់ជីដែលមានគុណភាព និងសមស្របទៅនឹងប្រភេទដី មិនត្រឹមតែមានសារៈសំខាន់សម្រាប់ការលូតលាស់របស់ដំណាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាមួយដែលអាចជួយកសិករគ្រប់គ្រងថ្លៃដើម និងបង្កើនប្រសិទ្ធភាពផលិតកម្មផងដែរ”។

លោកបានបន្តថា ជី បូកាឈីរ៉ា មានគោលដៅចូលរួមជួយកសិករកាត់បន្ថយថ្លៃដើមខ្ពស់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានក្នុងការដាំដុះ ដើម្បីបង្កើនឱកាសទទួលបានប្រាក់ចំណេញកាន់តែប្រសើរ។

លោក សុធារ៉ា បានបញ្ជាក់ថា បេសកកម្មរបស់សហគ្រាស ជីសរីរាង្គបូកាឈីរ៉ា គឺចង់ចូលរួមចំណែកជំរុញការអភិវឌ្ឍកសិកម្មសរីរាង្គនៅកម្ពុជា តាមរយៈការផលិតជីសរីរាង្គជាច្រើនប្រភេទ ដែលផ្តោតលើគុណភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។

ក្រៅពីការផ្តោតលើផលិតផលជីសរីរាង្គ សហគ្រាសក៏មានបំណងចូលរួមស្វែងរកទីផ្សារ និងអតិថិជនសម្រាប់កសិផលសរីរាង្គរបស់កម្ពុជា ដើម្បីជួយបង្កើតខ្សែសង្វាក់តម្លៃដែលអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កសិករ។

តាមរយៈទស្សនវិស័យនេះ ជី បូកាឈីរ៉ា មិនត្រូវបានមើលឃើញត្រឹមតែជាផលិតផលសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តកសិកម្មដែលយកចិត្តទុកដាក់លើគុណភាពដី បរិស្ថាន និងផលប្រយោជន៍រយៈពេលវែងរបស់កសិករ។

លោក អៀង សុធារ៉ា សង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់សហគ្រាស គឺចង់ «ធ្វើឱ្យដីមានជីជាតិល្អ បរិស្ថានល្អ និងកសិករខ្មែរមានប្រាក់ចំណេញខ្ពស់ជាមួយជីសរីរាង្គ បូកាឈីរ៉ា»៕





















 

Powered by Blogger.