សហភាពសហគ្រិនអភិវឌ្ឍន៍សង្គម សម្រេចប្រើជីសរីរាង្គបូកាឈីរ៉ា ក្រោយសាកល្បង ២ ខែ
ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីសាកល្បងប្រើប្រាស់ជីសរីរាង្គ បូកាឈីរ៉ា រយៈពេល២ខែ ទទួលបានលទ្ធផលល្អលើទិន្នផលកសិកម្ម សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (ស.ស.ស.អ.ស) បានសម្រេចប្រើប្រាស់ជីនេះ និងពង្រីកការផ្គត់ផ្គង់ទៅដល់កសិករ និងសមាជិករបស់ខ្លួន។
ការសម្រេចនេះត្រូវបានធ្វើឡើងតាមរយៈការចុះហត្ថលេខាលើ
អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការទិញជីសរីរាង្គបូកាឈីរ៉ា ដើម្បីប្រើប្រាស់នៅកសិដ្ឋានរបស់សហភាព
ព្រមទាំងផ្គត់ផ្គង់ជូនកសិករទូទៅ និងលក់បន្តជូនសមាជិករបស់ខ្លួន។
បន្ទាប់ពីពិធីចុះហត្ថលេខា
ក៏មានការរៀបចំវគ្គបណ្តុះបណ្តាលខ្លី ស្តីពី «មុខរបរកសិកម្មប្រកបដោយប្រាក់ចំណេញខ្ពស់
និងរស់រានបានយូរ» ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាព
និងចីរភាព។
វគ្គបណ្តុះបណ្តាលនេះមានការធ្វើបទបង្ហាញដោយ មហាឧបាសក
អៀង សុធារ៉ា សហស្ថាបនិកសហគ្រាសបូកាឈីរ៉ាជីសរីរាង្គ
និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន។
ជីសរីរាង្គ បូកាឈីរ៉ា ត្រូវបានណែនាំថា
ជាជីសរីរាង្គដែលផ្អែកលើបច្ចេកទេស និងបទពិសោធន៍ពីប្រទេសជប៉ុន
ដោយផ្តោតលើការកែលម្អគុណភាព និងជីជាតិដី
ព្រមទាំងបង្កើតបរិស្ថានដីសមស្របសម្រាប់ការលូតលាស់របស់ដំណាំ។
លោក អៀង សុធារ៉ា មានប្រសាសន៍ថា “ការប្រើប្រាស់ជីដែលមានគុណភាព និងសមស្របទៅនឹងប្រភេទដី មិនត្រឹមតែជួយដល់ការដាំដុះប៉ុណ្ណោះទេ
ប៉ុន្តែក៏ជាកត្តាសំខាន់ក្នុងការគ្រប់គ្រងថ្លៃដើម
និងបង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្មផងដែរ”។
លោកបានបញ្ជាក់ថា
បេសកកម្មរបស់សហគ្រាសបូកាឈីរ៉ាជីសរីរាង្គ
គឺចង់ចូលរួមចំណែកជំរុញការអនុវត្តកសិកម្មសរីរាង្គនៅកម្ពុជា
តាមរយៈការផលិតជីសរីរាង្គជាច្រើនប្រភេទ ដែលផ្តោតលើគុណភាព ប្រសិទ្ធភាព
និងភាពងាយស្រួលក្នុងការប្រើប្រាស់។
ក្រៅពីការផលិត និងផ្គត់ផ្គង់ជីសរីរាង្គ
សហគ្រាសក៏មានបំណងចូលរួមស្វែងរកទីផ្សារ និងអតិថិជនសម្រាប់កសិផលសរីរាង្គរបស់កម្ពុជា
ដើម្បីជួយបង្កើតខ្សែសង្វាក់តម្លៃដែលអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កសិករ។
លោក អៀង សុធារ៉ា សង្កត់ធ្ងន់ថា
ចក្ខុវិស័យរបស់សហគ្រាស
គឺចង់ឃើញការអនុវត្តកសិកម្មសរីរាង្គនៅកម្ពុជាមានភាពទូលំទូលាយជាងមុន
ដោយកសិករទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញកាន់តែប្រសើរ
ព្រមទាំងចូលរួមថែរក្សាបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ៕

Post a Comment