ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
ឡុងដ៍៖ ក្រុមអ្នកជួញដូរ និងក្រុមហ៊ុនបញ្ជាទិញប្រេងបានព្រមានថា ប្រទេសអារ៉ាប៊ីសាអូឌីតនឹងអស់ស្តុកប្រេងសម្រាប់នាំចេញក្នុងរយៈពេលតែប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ ប្រសិនបើមិនអាចបើកដំណើរការឡើងវិញនូវបំពង់បង្ហូរប្រេងដ៏សំខាន់ឆ្ពោះទៅកាន់សមុទ្រក្រហមទេនោះ ដែលការណ៍នេះនឹងនាំឱ្យបាត់បង់ការផ្គត់ផ្គង់ប្រេងរហូតដល់ ៤ភាគរយ នៅទូទាំងពិភពលោក។
ការធ្លាក់ចុះនៃការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត
នឹងធ្វើឱ្យវិបត្តិខ្វះខាតការផ្គត់ផ្គង់ប្រេងសកលលោកកាន់តែធ្ងន់ធ្ងរថែមទៀត
ខណៈដែលតម្លៃប្រេងឥន្ធនៈបានហក់ឡើងដល់កម្រិតខ្ពស់បំផុតជាកំណត់ត្រា រួចទៅហើយ។
ការវាយប្រហារដោយយន្តហោះដ្រូនបានបង្ខំឱ្យអារ៉ាប៊ីសាអូឌីត
ត្រូវបិទបំពង់បង្ហូរប្រេងពីទិសខាងកើតទៅទិសខាងលិច កាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញា។
ប្រភពដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា
ការជួសជុលការខូចខាតអាចនឹងចំណាយពេលចន្លោះពី ៥ ទៅ ៦សប្តាហ៍
ទោះបីជាមានការរំពឹងទុកខ្លះថា
អាចនឹងបើកដំណើរការបូមប្រេងឡើងវិញជាផ្នែកៗក្នុងពេលឆាប់ៗក៏ដោយ។
ក្នុងរយៈពេល ៦ខែកន្លងមកនេះ
បំពង់បង្ហូរប្រេងកាត់វាលខ្សាច់មួយនេះ
បានជួយឱ្យអារ៉ាប៊ីសាអូឌីតអាចបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរពីការបិទច្រកសមុទ្រ Hormuz
ដោយអាចបង្វែរទិសដៅប្រេងប្រមាណ ៤លានបារ៉ែលក្នុងមួយថ្ងៃ
ទៅកាន់កំពង់ផែ Yanbu នៅឯសមុទ្រក្រហម។
ប៉ុន្តែដោយសារបំពង់បង្ហូរប្រេងត្រូវបានផ្អាកដំណើរការ កំពង់ផែ Yanbu មានស្តុកប្រេងសម្រាប់នាំចេញបន្តបានត្រឹមតែពី ៥ ទៅ ៧ថ្ងៃទៀតប៉ុណ្ណោះ។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)
ការផ្គត់ផ្គង់ប្រេងរបស់អារ៉ាប៊ីសាអូឌីត
បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងបីទសវត្សរ៍ នៅក្នុងខែសីហា ដោយទិន្នផលប្រេងបានធ្លាក់មកនៅត្រឹម
៦.២លាន បារ៉ែលក្នុងមួយថ្ងៃ ធៀបនឹង ១០.៩លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែកុម្ភៈ
មុនពេលសង្គ្រាមផ្ទុះឡើង
ខណៈដែលការផ្គត់ផ្គង់ប្រេងសកលលោកត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះប្រមាណ
៥.៧លានបារ៉ែលក្នុងមួយថ្ងៃ (ស្មើនឹង ៦ភាគរយ) នៅក្នុងឆ្នាំនេះ ដោយសារការបិទខ្ទប់ច្រកសមុទ្រ
Hormuz និងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីនៅសមុទ្រក្រហម៕
Post a Comment