រដ្ឋមន្រ្តី ហួត ហាក់៖ ពិព័រណ៍ទេសចរណ៍កម្ពុជា បង្ហាញនូវសក្ដានុពល អត្តសញ្ញាណ និងភាពសម្បូរបែបរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍នានា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជា លើកទី១» ក្រោមប្រធានបទ «ខ្មែររួបរួម ដើម្បីទេសចរណ៍កម្ពុជា» ដែលរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល២៧១ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យ និងស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ កញ្ចប់ទស្សនកិច្ច ផលិតផលទេសចរណ៍ និងផលិតផលផលិតនៅកម្ពុជា ព្រមទាំងបានសំណេះសំណាល និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ សហគ្រិនដែលផលិតផលិតផលនៅកម្ពុជា និងម្ចាស់អាជីវកម្មដែលចូលរួមតាំងពិព័រណ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍នេះ ដែលបានចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងអត្តសញ្ញាណវប្បធម៌ខ្មែរ គាំទ្រផលិតផល និងអាជីវកម្មក្នុងស្រុក ព្រមទាំងបង្កើតឱកាសពង្រីកបណ្ដាញធុរកិច្ច និងភាពជាដៃគូរវាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។
សូមបញ្ជាក់ថា ពិព័រណ៍នេះរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានស្តង់ចូលរួមសរុបចំនួន៥២ ព្រមទាំងមានការសម្ដែងវប្បធម៌ និងសកម្មភាពកម្សាន្តជាច្រើន សំដៅជំរុញចលនាទេសចរណ៍ក្នុងស្រុក លើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព៕







Post a Comment