សេដ្ឋកិច្ចអ៊ីរ៉ង់ ធ្លាក់ចុះ១០ភាគរយ អំឡុងសង្គ្រាមជាមួយអាមេរិក
តេហេរ៉ង់៖ សេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់ បានធ្លាក់ដាំក្បាលចុះជាង១០ភាគរយ ក្នុងអំឡុងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានផ្ទុះឡើង ដោយសារតែការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ។
យោងតាមមជ្ឈមណ្ឌលស្ថិតិអ៊ីរ៉ង់
ចេញផ្សាយកាលពីថ្ងៃអាទិត្យ ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសមួយនេះ
បានរួមថយប្រមាណ ១០,១ភាគរយ
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ក្នុងអំឡុងពេលចាប់ពីខែមីនា ដល់ខែមិថុនា
ដែលជាត្រីមាសទី១ តាមប្រតិទិនពែក្សរបស់អ៊ីរ៉ង់។
អ៊ីរ៉ង់បានធ្លាក់ចូលក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក
ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំនេះ នៅពេលដែលការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល
បានសម្លាប់មេដឹកនាំកំពូល និងមន្ត្រីយោធាជាន់ខ្ពស់របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ
ក្នុងពេលចាប់ផ្តើមដំបូងនៃប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំ។ ការវាយប្រហារនេះ
បានជំរុញឱ្យទីក្រុងតេហេរ៉ង់ធ្វើការឆ្លើយតបវិញ ដោយបិទខ្ទប់ច្រកសមុទ្រ Hormuz
ជាហេតុរុញឱ្យតម្លៃប្រេងនៅទូទាំងពិភពលោកហក់ឡើង
ខណៈជម្លោះបានរីករាលដាល នៅពាសពេញតំបន់មជ្ឈិមបូព៌ាទាំងមូល។
ក្រៅពីនេះ សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់
តាមពិតទៅបានជួបការលំបាក អស់រយៈពេលជាយូរមកហើយ ដោយប្រឈមជាមួយអតិផរណាខ្ពស់ខ្លាំង
និងការធ្លាក់ថ្លៃរូបិយប័ណ្ណជាតិដល់កម្រិតដ៏ទាប
ដែលភាគច្រើនគឺបណ្តាលមកពីទណ្ឌកម្មសេដ្ឋកិច្ច៕ ប្រភព៖ AFP

Post a Comment