វឌ្ឍនភាពគម្រោងសងសង់ផ្លូវបេតុងប្រវែង ១,២ គីឡូម៉ែត្រ ក្នុងសហគមន៍នេសាទអង្កោល សម្រេចបានលើសពី ៦០%
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ ដើម្បីលើកកម្ពស់ជីវភាព និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន គម្រោងសាងសង់ផ្លូវបេតុងអាមេអាល់ហ្វាប្រវែង ១,២ គីឡូម៉ែត្រ (ទទឹង៦ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ) ស្ថិតក្នុងសហគមន៍នេសាទអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងដំណើរការយ៉ាងសកម្ម និងឈានទៅមុខតាមផែនការ។
គម្រោងនេះទទួលបានការគាំទ្រថវិកា និងកិច្ចសហប្រតិបត្តិការពី ភ្នាក់ងារប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA) នៃសាធារណរដ្ឋតួរគី ដោយបែងចែកការឧបត្ថម្ភជា ៣ ដំណាក់កាល (៤០% - ៤០% - ២០%)។
គិតត្រឹមចុងខែសីហា ឆ្នាំ២០២៦ ការដ្ឋានសាងសង់សម្រេចបាន
លើសពី ៦០% នៃទំហំការងារសរុប ដោយក្នុងនោះការងារចាក់បេតុងសម្រេចបាន ៤០០ ម៉ែត្រ រួមជាមួយការងាររៀបចំទីតាំង
ចាក់ដីបំពេញ និងកិនបង្កែនគ្រឹះយ៉ាងរឹងមាំ បើទោះបីជាមានឧបសគ្គផ្នែកធាតុអាកាស
(ភ្លៀងធ្លាក់ជាប់ជានិច្ចធ្វើឱ្យដីគ្រឹះមានសំណើមខ្ពស់) ក្រុមការងារបច្ចេកទេស
និងក្រុមហ៊ុនសាងសង់បានផ្លាស់ប្តូរយុទ្ធសាស្ត្របត់បែនតាមស្ថានភាពជាក់ស្តែង
ដោយធានាបាននូវ គុណភាព សុវត្ថិភាព និងបទដ្ឋានបច្ចេកទេសជាចម្បង។
ក្រោមបញ្ចប់ការសាងសង់ ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់
ក្នុងការសម្រួលដល់ការធ្វើដំណើរ សម្រួលការដឹកជញ្ជូនផលនេសាទ និងទំនិញ
ព្រមទាំងបើកឱកាសទាញយកសក្តានុពលទេសចរណ៍
និងពង្រឹងសន្តិសុខស្បៀងជូនប្រជាពលរដ្ឋក្នុងសហគមន៍អង្កោលទាំងមូល។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
ស្ថិតក្នុងសហគមន៍នេសាទអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបខាងលើនេះ ស្ថិតក្រោមគំនិតផ្តួចផ្តើម
និងការកៀងគរមូលនិធិពីសំណាក់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប៕









Post a Comment