ឯកឧត្តម ប៉ែន បូណា៖ AOT នៅតែបន្តធ្វើឥតឈប់ ដើម្បីជាសាក្សី នៃការពិត ពីព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បេសកកម្មសង្កេតការណ៍ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)នៅតែបន្តបេសកកម្មចុះពិនិត្យ ផ្ទៀងផ្ទាត់ និងសង្កេតការណ៍ឥតឈប់នៅបន្ទាត់ព្រំដែន ដើម្បីធ្វើជាសាក្សីនៃការពិតពីព្រំដែនកម្ពុជា-ថៃ ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅទីតាំងជាច្រើនក្នុងខេត្តកោះកុង គឺនៅចំណុចបង្គោលព្រំដែនលេខ៧២ (បង្គោលឯកភាព) ចំណុចកោះយ៉ និងចំណុចច្រកទ្វារអន្តរជាតិចាំយាម ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។ បេសកកម្មសង្កេតការណ៍នេះ បានផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បានយល់កាន់តែស៊ីជម្រៅ និងបានឃើញផ្ទាល់ភ្នែក នូវស្លាកស្នាមសង្គ្រាមឈ្លានពាន របស់ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាពិសេស បានឃើញប្រជាជនស៊ីវិល រងគ្រោះដោយការវាយប្រហារ ប្រដាប់អាវុធរបស់កងកម្លាំងថៃ។ឯកឧត្តមអ្នកនាំពាក្យថា “វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ឬភាគីផ្សេងទៀត នៅតាមតំបន់ព្រំដែន ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់ មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងធានាថា គ្រប់ចំណុចទាំងអ់សដែលមានចែងក្នុងសេចក្តីប្រកាសរួម ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀត ត្រូវបានអនុវត្តដោយគ្មានរំលងចំណុចណាមួយឡើយ” ។
សូមជម្រាបថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២៥។ ការបង្កើតនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បានព្រមព្រៀងគ្នាលើលក្ខខណ្ឌការងារ (TOR) ក្នុងការបង្កើតក្រុមការងារនេះឡើង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីតាមដាន និងធានាការអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ៕

Post a Comment