កិច្ចសន្ទនា ISC-2 បង្ហាញសាមគ្គីភាពរវាងប្រជាជាតិ និងប្តេជ្ញាដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា កិច្ចសន្ទនា ISC-2 បានបង្ហាញសាមគ្គីភាពរវាងប្រជាជាតិ និងការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
ក្នុងពិធីបិទសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាពថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគារអគ្គនាយកដ្ឋានពន្ធដារ ក្នុងរាជធានីភ្នំពេញ សម្តេច ឃួន សុដារី លើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅ ចំណុចរបត់ដ៏សំខាន់មួយ ដែលកំពុងប្រឈមនឹងហានិភ័យ និងវិបត្តិជាច្រើនដែលកំពុងរីកសាយភាយ ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ វិវាទព្រំដែន និងអធិបតេយ្យ ព្រមទាំងបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី មានជាអាទិ៍ វិបត្តិនៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកតាមអនឡាញជាដើម។បញ្ហាប្រឈមដែលមានភាពប្រទាក់ក្រឡាគ្នាទាំងនេះ បានកើតមានព្រមគ្នាដោយសារការចុះខ្សោយ នៃអភិបាលកិច្ចសកល និងការគោរពច្បាប់អន្តរជាតិមិនទូទៅ ការរីកធំឡើងនៃភាពមិនទុកចិត្តគ្នាជាយុទ្ធសាស្ត្រ នយោបាយ តាមតំបន់ ការបែកខ្ញែកនៃសេដ្ឋកិច្ច ភាពតានតឹងនៃវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា ព្រមទាំងភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់។
សម្តេច ប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ក្នុងបរិបទនេះ ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើងក្នុងការជំរុញការជឿទុកចិត្តជាយុទ្ធសាស្ត្រ ការលើកកម្ពស់គុណតម្លៃ និងបទដ្ឋានរួម ព្រមទាំងការពង្រឹងប្រព័ន្ធពហុភាគីនិយមដែលមានលក្ខណៈបើកចំហ បរិយាបន្ន និងប្រសិទ្ធភាព។ ក្នុងន័យនេះ ត្រូវគិត និងស្វែងរកដំណោះស្រាយ ជាលក្ខណៈប្រព័ន្ធ ព្រមទាំងអនុវត្តនូវយុទ្ធសាស្ត្រដែលមានលក្ខណៈពហុភាគី ដើម្បីដោះស្រាយបញ្ហាសកលនានា ពាក់ព័ន្ធនឹងសន្តិភាព និងសន្តិសុខ។
សូមបញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) មានថ្នាក់ដឹកនាំសភាបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ អង្គការដៃគូប្រមាណ៣០ ប្រទេសបានចូលរួម ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ៖ ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី» ដោយបិទបញ្ចប់ប្រកបដោយលទ្ធផលជាទីមោទនក្នុងការជំរុញវប្បធម៌សន្ទនា ស្តារឡើងវិញនូវទំនុកចិត្ត និងការគោរពច្បាប់អន្តរជាតិ ដើម្បីសុខដុមនីយកម្មរបស់ពលរដ្ឋនៅទូទាំងសកលលោក៕

Post a Comment