បទវិភាគ៖​ការចូល​ធ្វើទេសចរណ៍​ក្នុងដែនប្រទេសចិន​នៅរដូវក្តៅ​មាន​ភាព​ពេញ​និយមខ្លាំង ​ប្រទេសចិនដ៏​ពិត​ប្រាកដ​ទាក់ទាញភ្ញៀវទេសចរជាច្រើន​នៅទូទាំង​ពិភព​លោក

បរទេស៖ នៅ​រដូវក្តៅ​ឆ្នាំ​នេះ ​ទីផ្សារទេសចរណ៍ចូលដែនរបស់ចិន​មានភាពពេញនិយមខ្លាំង​ជា​បន្ត​បន្ទា​ប់ ​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរបរទេស​កាន់តែច្រើនឡើងៗ​ឱ្យ​ដកបទពិសោធ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិនដ៏​ពិតប្រាកដ ​។ ​យោងតាមទិន្នន័យនៃវេទិកា​ទេសចរណ៍​មួយ​បង្ហា​ញ​ឱ្យ​ដឹង​ថា ​តាំងពី​ខែកក្កដា ​ឆ្នាំនេះមក ​ការបញ្ជាទិញសម្រាប់ការចូល​ធ្វើ​ទេស​ចរណ៍​ក្នុង​ដែន​ប្រទេស​ចិន​បាន​កើនឡើង២០ ​ភាគរយបើប្រៀបធៀបនឹងរយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ​។


    ពី​ពាក្យ​"ធ្វើទេសចរណ៍នៅប្រទេសចិន"​ដល់​"ក្លាយជាជនជាតិ​ចិន"​រហូត​ដល់​"ធ្វើ​តាម​ទម្លាប់​រស់​នៅ​របស់​ជនជាតិ​ចិន(China​max​x​ing)​" ​ការដែល​ភ្ញៀវទេសចរ​បរទេស​ធ្វើ​ដំណើរ​ឆ្លង​កាត់ភ្នំ និងសមុទ្រ​ទៅកាន់​ប្រ​ទេស​ចិន​កំពុង​ប្រែពី​ការ​"សម្លឹងមើល"ប្រទេសចិនតាម​រយៈ​អេ​ក្រង់​ទៅជា​ការ​ដកបទ​ពិ​សោ​ធ​យ៉ាងស៊ីជម្រៅ​ពី​វិស័យ​ទេសចរណ៍វប្បធម៌​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសចិន​ដោយ​ផ្ទាល់​ដើម្បី​ទទួល​អារម្មណ៍​ពី​ប្រទេសចិន​យ៉ាង​ពិត​ប្រា​កដ ​។
 
   តើអ្វីទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើនធ្វើដំណើរទៅកាន់ប្រទេសចិន ​? ​មូលហេតុ​ផ្ទា​ល់ ​គឺ ​ពួកគេមាន​"តម្រូវការបន្ទាន់ក្នុងការគេចចេញពីកម្តៅ" ​។ ​នៅរដូវក្តៅនេះ ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​បាន​កើតឡើង​ជាញឹកញាប់​នៅ​តំបន់ជាច្រើន​លើ​ទូទាំងពិភពលោក ​រីឯ​រលក​កម្តៅ​ដ៏ខ្លាំងក្លា​មួយ​បានវាយលុកពាសពេញ​នៅ​ទ្វីបអឺរ៉ុប ​ហើយ "ម៉ាស៊ីនត្រជាក់ចិន"​ត្រូវ​បាន​លក់​ដាច់​នៅទីនោះ ​។ ​យោងតាមទិន្នន័យបង្ហាញឱ្យដឹងថា ​នៅខែមិថុនា ​ឆ្នាំនេះ ​បរិមាណ​នាំ​ចេញ​ម៉ាស៊ីនត្រជាក់របស់ចិន​បានកើនឡើង ​៧២,៨ ​ភាគរយ​បើប្រៀបធៀបនឹងរយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំមុន ​។ ​ប្រឈមមុខនឹង"ការព្រួយបារម្ភដោយសារកម្តៅ" ​ប្រជាជនបរទេស​ចង់​ទៅ​​ប្រទេសចិនដោយផ្ទាល់ដើម្បី​ដកបទពិសោធពី​"សេរីភាពខាង​ម៉ាស៊ីនត្រជាក់" ​ពោល​គឺ ​សំណង់​សាធារណៈរបស់ចិន​ដូចជា ​ហាងលក់ទំនិញ ​សណ្ឋាគារ ​និងស្ថានីយរទេះភ្លើង​ក្រោ​ម​ដី​បានបំពាក់ដោយម៉ាស៊ីនត្រជាក់ជាទូទៅ​ដែលផ្តល់ផាសុខភាពនិងអារម្មណ៍ល្អ ​។ ​បូក​រួម​ទាំង​ប្រទេសចិន​មានទឹកដីដ៏ធំល្វឹងល្វើយនិងធនធានដ៏សម្បូរបែប ​ពីខ្ពង់រាបយូ​ណា​ន​-គុយ​ចូវ ​ដល់​ភ្នំព្រិលភាគខាងលិចខេត្តស៊ីឈាន់ ​ពីព្រៃឈើនៅតំបន់ភាគឦសាន​ដល់​វាល​ស្មៅ​ដ៏ធំ​នៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ​ធនធានគេចពីកម្តៅ​ដ៏សម្បូរបែប​បាន​ផ្តល់​នូវ​"ជម្រើស​ត្រជាក់"​ជាច្រើន​ជូនដល់អ្នកទេសចរបរទេស ​។
 
   ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ភ្ញៀវទេសចរបរទេស​ដែល​ទៅកម្សាន្ត​ក្នុងដែនប្រទេសចិន​បាន​ប្រែ​ពី​"ការ​ទស្សនា​ដោយប្រញាប់​ប្រញាល់​"​បន្តិចម្តងៗ​ឱ្យ​ទៅជា​ការ​"ដកបទពិសោធ​យ៉ាង​ស៊ី​ជម្រៅ"​ពីប្រទេសចិនដ៏ពិតប្រាកដ ​។ ​ស្របពេល​ដែលការ​ចូលធ្វើ​ទេសចរណ៍នៅ​ប្រទេស​ចិន​មាន​ភាពពេញនិយម​ខ្លាំង​ឡើង​ៗជាបន្តបន្ទាប់ ​ផលិតផលច្នៃប្រឌិតថ្មី​ខាងវប្បធម៌​ដែល​ប្រ​បាច់​បញ្ចូល​នូវ​វប្បធម៌បុរាណចិន​និង​សោភ័ណភាព​បែប​ទាន់សម័យ​ព្រមទាំង​ការ​ដក​បទ​ពិ​សោធ​យ៉ាងស៊ីជម្រៅពី​វប្បធម៌ចិន​ក៏​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាងទូលំទូលាយ​ពី​សំណាក់​ភ្ញៀវទេសចរបរទេស ​ហើយ​"China ​Chic"​ត្រូវបាន​នាំ​យក​ទៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភព​លោក​ជា​បន្តបន្ទាប់ ​។
 
   ភ្ញៀវទេសចរបរទេស​ទៅ​ទស្សនាមណ្ឌល​ស្វយ័ត​ជនជាតិZang ​Gannan ​ដើម្បីគូរ​រូប ​Thang​kas ​ដើរ​កម្សាន្ត​ក្នុង​ពេលយប់​នៅភូមិ ​Hongcun ​ដោយកាន់ចង្កៀងគោមត្រី ​និង​ដក​បទ​ពិសោធ​ពី​សិប្បកម្ម​បេតិកភណ្ឌវប្បធម៌អរូបី ​ដូចជា ​សិល្បៈផ្តិតរូប​និងម្រ័ក្សណ៍ខ្មុក​នៅ​ក្នុង​ភូមិបុរាណ​ដើម្បី​ដកបទពិសោធ​ពី​សោភ័ណភាព​បែប​ចិន ​។ ​នៅ​ទីក្រុង​ទេសចរណ៍​វប្ប​ធម៌​ដ៏ល្បីល្បាញ ​ដូចជាក្រុង ​Luoyang ​ក្រុង ​Xi’an ​និង​ក្រុង ​Nanjing ​ជា​ដើម ​ភ្ញៀវ​ទេសចរ​បរ​ទេស​បាន​ស្លៀក​សម្លៀកបំពាក់ប្រពៃណី​ជនជាតិ​ហាន​ដើម្បី​ថតរូប​ទុកជា​អនុស្សវរីយ៍ ​។ ​ដោយ​ផ្អែកលើ​ខ្សែសង្វាក់​ឧស្សាហកម្ម​នៃ​សម្លៀកបំពាក់​ប្រពៃណី​ជនជាតិ​ហាន​ដ៏​ពេញ​លេញ ​ស្រុក ​Caoxian ​ខេត្ត ​Shandong ​បាន​នាំចេញ​សម្លៀកបំពាក់​ប្រពៃណី​ចិន​ទៅ​កាន់​បរ​ទេស ​ហើយតំបន់​ជា​ច្រើន​លើ​ពិភពលោក​​បាន​នាំគ្នា​បង្កើត សហគមន៍សម្លៀក​បំពាក់​ប្រពៃណី​ជន​ជាតិ​ហាន ​និង​រៀបចំ​ពិព័រណ៍​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ ។ ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ប្រពៃណី​របស់​ចិន​បាន​និង​កំពុង​ធ្វើបរិវត្តកម្ម​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ជាបន្តបន្ទាប់​ដើម្បី​បំពេញ​តម្រូវការ​ខាង​ជីវភាព​រស់នៅ​នៃ​សម័យទំនើប ​។ ​ភ្ញៀវ​ទេសចរ​បរទេស​​បាន​នាំ​យក​របស់របរ​"China ​Chic"​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែល​ជា​ការ​ទទួល​បាន​បទពិសោធ​ពី​មរតក​វប្បធម៌​បូព៌ា​តាមរយៈការចូលរួមជាក់ស្តែង​ និង​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​បាន​ជំរុញ​ការតភ្ជាប់ដួងចិត្តប្រជាជន ​និង​ការរៀនសូត្រពីអរិយធម៌​ចិន​និង​បរទេស​ទៅវិញទៅមក​តាម​វិធីសាស្ត្រ​ដ៏រស់រវើក ​។

អ្វីដែលទាក់ទាញ​ភ្ញៀវទេសចរបរទេស​ឱ្យ​ឆ្លងកាត់ចម្ងាយឆ្ងាយនោះ ​ក៏រួមមាន​ប្រសិទ្ធ​ភាព​និង​ភាព​ទាក់ទាញ​នៃអភិបាលកិច្ចរបស់ចិនផងដែរ ​។ ​ទំនេរស្រណុកស្រួល​នៃ​ការញ៉ាំ​សា​ច់​អាំង​នៅពេលយប់ជ្រៅ ​ភាពធូរស្រាលរបស់ម្ចាស់ហាងតូចដែលបើកទ្វារ​សម្រាក​កា​យ ​ចាកចេញពីហាងកាហ្វេដោយភ្លេចយកកាបូបស្ពាយនៅលើតុ ​។ល។ ​ទិដ្ឋភាពក្នុង​ជីវ​ភាព​ប្រចាំ​ថ្ងៃ​ទាំងនេះ​ដែល​ជារឿងធម្មតា​ក្នុងក្រសែភ្នែករបស់ជនជាតិចិន ​ប៉ុន្តែ​បានក្លាយ​ជា​"រឿង​នឹកស្មានមិនដល់"​សម្រាប់​អ្នកសរសេរប្លុក​ឬ​ភ្ញៀវទេសចរបរទេស ​។ ​ពួកគេ​បាន​ពិពណ៌​នា​ទិដ្ឋភាព​ទាំង​នេះ​ទៅជា​ពាក្យថ្មីមួយ​ដែលពោរពេញទៅដោយភាពទាក់ទាញ ​គឺ"អារម្មណ៍​សុវត្ថិ​ភាព​បែប​ចិន" ​។

    ប្រសិនបើភ្នំនិងទន្លេដ៏ល្បីឈ្មោះនិងស្រស់ស្អាត​អាច​ទាក់​ទាញភ្ញៀវទេសចរឱ្យ​ចូលទៅ​ទស្ស​នា ​នោះ ​អារម្មណ៍សុវត្ថិភាពជាក់ស្តែង​ពិតជា​អាច​ធ្វើ​ឱ្យ​ភ្ញៀវទេសចរស្នាក់​នៅ​ចិន​រហូត​ដល់​ចង់មកលេងម្តងទៀត ​។ ​តាមពិតទៅ ​"អារម្មណ៍សុវត្ថិភាពបែបចិន"​មិនមែន​ជា​និយម​ន័យ​អរូបី​នោះទេ ​ប៉ុន្តែគឺជាកម្លាំងប្រកួតប្រជែងជាស្នូល​ដ៏លេចធ្លោបំផុត​នៃ​ការចូល​ធ្វើ​ទេសចរណ៍​ក្នុងដែនចិន ​ហើយក៏ជាចំណុចគន្លឹះដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ប្រែក្លាយពី​"ការ​ធ្វើ​ទេសចរណ៍នៅចិន"​ឱ្យ​ទៅជា​"ការ​យល់​ដឹង​ពី​ប្រទេស​ចិន"​ផងដែរ ​។
    លើសពីនេះ​ទៅទៀត ​"ការព្យាបាលជំងឺពេលធ្វើដំណើរនៅប្រទេសចិន​"​ក៏​បានក្លាយជា​ប្រ​ធាន​បទ​ដែល​យកមកពិភាក្សាយ៉ាងសកម្ម​​ផងដែរ ​។ ​ឆ្នាំនេះ ​តំបន់សាកល្បងទេសចរណ៍​និង​វេជ្ជសាស្ត្រ​អន្តរជាតិ​ឡឺឆេង​នៅក្រុង ​Boao ​ខេត្ត ​Hainan ​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរ​ទេស​កាន់​តែ​ច្រើន​ឡើង​ដែល​ទៅ​ព្យា​បាល​ជំងឺ​ពេលធ្វើដំណើរ ​ហើយ​ប្រភព​ទេសចរ​បាន​គ្រប​ដណ្តប់​លើ​ប្រទេស​និង​តំបន់​ជិត ​២០ ​។
 
   គោលនយោបាយលើកលែងទិដ្ឋាការ​បាន​ក្លាយជា​កត្តាមួយ​ដែល​ជំរុញ​កំណើន​នៃ​ការ​ចូល​ធ្វើ​ទេសចរណ៍​ក្នុងដែន​ប្រទេសចិន ​។ ​ ​គិតមកទល់ខែមេសា ​ឆ្នាំនេះ ​ប្រទេស​ចិន​បាន​អនុ​វត្ត​គោលនយោបាយលើកលែងទិដ្ឋាការដោយគ្រប់ជ្រុងជ្រោយ​ជាមួយ​ប្រទេស​ចំនួន ​២៩ ​និង​គោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគី​ជាមួយ​ប្រទេស​ចំនួន ​៥០ ​និង​ពង្រីកប្រទេសដែលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ​សម្រាប់​ឆ្លងកាត់​ដែន​ចិន​រយៈពេល ​២៤០ ​ម៉ោងដល់​ចំនួន ​៥៥ ​ប្រទេស ​។ ​ភាគលាភនៃ​គោល​នយោបាយ​នេះ​បាន​ឆ្លុះបញ្ចាំង​ក្នុង​ទិន្នន័យខាងក្រោម៖​រដ្ឋបាលជាតិគ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍ចិន​បាន​ចេញ​សេចក្តីប្រកាសនៅថ្ងៃទី ​២០ ​ខែសីហាថា ​ចាប់ពីថ្ងៃទី ​២០ ​ខែ​សីហា ​ឆ្នាំ ​២០២៦ ​នេះ​ត​ទៅ ​ប្រជាពលរដ្ឋរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាននិងរៀតណាម​អាច​ទទួល​ការ​អនុគ្រោះ​ពី​គោល​នយោបាយលើកលែងទិដ្ឋាការ​រយៈពេល ​២៤០ ​ម៉ោង​សម្រាប់​ការ​ឆ្លងកាត់ដែនចិន​និង​ការលើកលែងទិដ្ឋាការ​សម្រាប់ការចូលដែនកោះហៃណាន​រយៈ​ពេល ​៣០ ​ថ្ងៃ ​។ ​គិត​មក​ទល់ពេលនេះ ​ប្រទេសដែលទទួលបានការអនុគ្រោះពីគោល​នយោ​បាយនេះ​បានកើន​ឡើង​ដល់៥៧ប្រទេស រី​ឯប្រទេសដែលទទួលបានការអនុគ្រោះពី​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការរយៈពេល៣០​ថ្ងៃសម្រាប់ការចូលដែនកោះហៃ​ណាន​បានកើនឡើងដល់៦១ ​ប្រ​ទេស ​។
 
   ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​វាយតម្លៃ​ចំពោះ​"ប្រទេសចិនដ៏ពិតប្រាកដ"​ត្រូវបាន​ពង្រីក​ជា​បន្ត​បន្ទាប់ ​។ ​តាមបណ្តាញទំនាក់ទំនងសង្គមបរទេស ​ចំនួនសរុប​នៃ​ការ​ចូល​មើល​គេហ​ទំព័រ​អំពី​ពាក្យ"China ​Travel"​បាន​លើសពី ​២៨ ​ពាន់លាននាក់ ​រីឯ​ចំនួនសរុប​នៃ​ការ​ចូល​មើល​គេហ​ទំព័រ​អំពី​ពាក្យ"Chinamaxxing"​បាន​លើសពី​៤​ពាន់លាននាក់ ​។
    ការចូលធ្វើទេសចរណ៍ក្នុងដែនប្រទេសចិន​មាន​អំណោយ​ផល​ដល់​ការ​បង្ហាញ​ទៅ​កាន់​ពិភពលោក​នូវ​​ប្រ​ទេស​ចិន​ដ៏​ពិតប្រាកដ​និងគ្រប់ជ្រុងជ្រោយ ​ហើយ​ក៏ជា​ទី​ផ្សារ​បន្ថែម​ដ៏​សំ​ខាន់​សម្រាប់​ការពង្រីកតម្រូវការក្នុងស្រុក​ផងដែរ ​ ​«ផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​ស្តីពី​ការ​កសាង​ប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍​»បានលើកឡើងថា ​ដល់​ឆ្នាំ ​២០៣០ ​ចំនួន​ភ្ញៀ​វ​ទេស​ចរ​ដែល​ចូលធ្វើទេសចរណ៍ក្នុងដែនប្រទេសចិន​នឹង​ឡើង​ដល់ ​១៩០ ​លាន​នាក់ ​ហើ​យ​ប្រាក់ចំណាយ​សរុប​សម្រាប់​ការធ្វើទេសចរណ៍​មានចំនួន​លើស​ពី​១៥០​ប៊ី​លាន​ដុល្លា​រ​អា​មេរិក ​។
 
   ក្រឡេកមើលរដូវក្តៅដែលមានភាពសន្ទុះខ្លាំងក្លានេះ ​ពាក្យ"China ​Travel"​លែងជាស្លាក​ទេសចរ​ណ៍​ទៀតហើយ ​ប៉ុន្តែវាបានក្លាយជាបង្អួច​មួយ​សម្រាប់​ពិភពលោក​យល់ដឹង​អំពី​ប្រ​ទេស​ចិន ​។ ​ពីផាសុខភាព​ដែល​ទទួលបាន​ពី"សេរីភាពខាង​ម៉ាស៊ីនត្រជាក់"​ដល់​សោ​ភ័ណ្ឌ​ភាព​បូព៌ា​ដែល​បង្កប់​ក្នុង​សិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបី"China ​Chic"​រហូតដល់​"អារម្មណ៍​សុវត្ថិ​ភាពបែបចិន"តាមផ្លូវនៅពេលយប់ជ្រៅ ​ភ្ញៀវទេសចរបរទេស​ទាំងឡាយ​បាន​និង​កំពុង​ដក​បទពិសោធដោយផ្ទាល់​ពី​ប្រទេសចិន​ដ៏​ពិតប្រាកដ​ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​លោកខាងលិច​និង​ពោរពេញទៅដោយ​ទិដ្ឋភាពក្នុងជីវភាពរស់នៅ​និង​អារម្ម​ណ៍​ទំនើប ​។

ការ​ដែល​ចូលធ្វើទេសចរណ៍ក្នុងដែនប្រទេសចិន​មានភាពពេញនិយមខ្លាំង ​មិន​មែន​ជា​រឿង​ចៃដន្យ​នៃ​"តម្រូវការបន្ទាន់ក្នុងការគេចចេញពីកម្តៅ"​នោះទេ ​តែគឺ​ជា​ការឆ្លុះ​បញ្ចាំង​ចម្រុះ​នៃ​ប្រសិទ្ធភាពអភិបាលកិច្ច ​ភាពទាក់ទាញខាងវប្បធម៌ ​និង​ភាពស្មោះត្រង់​ក្នុង​ការ​ជំរុញ​ការ​បើក​ទូលាយ​របស់​ប្រទេសចិន ​។ ​ខណៈ​ពេល​ដែល​ភាគលាភនៃ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ត្រូវបាន​បញ្ចេញជាបន្តបន្ទាប់ ​ហើយខណៈពេល​ដែល​ពាក្យ​"China​max​x​ing"​បាន​ទទួល​ប្រជាប្រិយភាពយ៉ាងខ្លាំង​តាមបណ្តាញ​ទំនាក់ទំនងសង្គម​បរទេស ​យើង​បាន​មើល​ឃើញ​ទិដ្ឋាភាព​ដែលមាន​សេចក្តីស្រឡាញ់​និងការដឹងគុណរវាង​គ្នា​និង​គ្នា៖ ​ប្រទេស​ចិន​បាន​និង​កំពុង​ឱបក្រសោបពិភពលោក​តាមរយៈឥរិយាបថ​ដែល​ប្រកបដោយ​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​និងបរិយាបន្ន ​ហើយ​ពិភពលោក​ក៏​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រ​ទេស​ចិន​តាមរយៈ​ភាព​កក់ក្តៅ​និង​ទឹកចិត្តចម្ងល់​ផងដែរ ​។
 
   សម្លឹងមើលទៅពេលអនាគត ​ស្របពេល​ដែល​«ផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​ស្តីពី​ការ​កសាង​ប្រទេស​ខ្លាំងក្លា​ខាងវិស័យទេសចរណ៍»​ត្រូវបាន​អនុវត្ត​ដោយនឹងរ ​។ ​ការចូលធ្វើ​ទេស​ចរណ៍​ក្នុងដែន​ប្រទេសចិន​ប្រាកដ​ជា​នឹង​ប្រែពី​ការ​"ទទួល​ប្រជាប្រិយភាពយ៉ាងខ្លាំង"​ទៅ​ជា​ការ​"ទទួល​ប្រជាប្រិយភាព​ក្នុង​ពេល​យូរ"ជាក់​ជា​មិន​ខាន​ ​។ ​អ្នកផងទាំងពួង​មាន​ហេតុ​ផល​​រំពឹង​ថា ​រូបភាពចិន​ដែល​អាចជឿទុកចិត្តបាន​និង​គួរជាទីគោរពស្រឡាញ់​នឹង​មាន​ភាព​កាន់​តែ​ច្បាស់​លាល់​នៅក្នុងក្រសែភ្នែករបស់ពិភពលោក ​។ ​នេះ​មិនត្រឹមតែ​ជាអត្ថន័យ​ដ៏​ត្រឹម​ត្រូវនៃ​ប្រទេស​ខ្លាំងក្លា​ខាងវិស័យទេសចរណ៍​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែមទាំង​ជា​ការ​ឆ្លុះ​បញ្ចាំង​ដ៏រស់រវើក​នៃ​ភាព​បើកទូលាយ​និង​ជំនឿចិត្តលើខ្លួនឯង​របស់​ប្រទេសធំ​ផងដែរ ​៕






Powered by Blogger.