សម្ដេចតេជោ ៖ ប្រតិភូចូលរួមសន្និសីទប្រធានសភានៅកម្ពុជា បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានមានប្រសាសន៍ថា គណៈប្រតិភូចូលរួមក្នុងសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅប្រទេសកម្ពុជា នាពេលនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូបណ្តាប្រទេសអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ការចូលរួមរបស់ ឯកឧត្តម-លោកជំទាវក្នុងសន្និសីទនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព និងពីជំនឿរបស់យើង ចំពោះសារៈសំខាន់នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ក្នុងពេលពិភពលោកកំពុងប្រឈមនឹងភាព មិនប្រាកដប្រជា ការបែកបាក់ និងជម្លោះកាន់តែខ្លាំងឡើង»។
សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃកិច្ចសន្ទនា មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ ដែលយើងបានបង្ហាញនៅក្នុងសន្និសីទនេះ នឹងបន្តពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេស។ ទន្ទឹមគ្នានេះ នឹងរួមចំណែកកាន់តែខ្លាំងដល់ការកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព យុត្តិធម៌ និងវិបុលភាពយូរអង្វែងសម្រាប់មនុស្សជាតិទាំងមូល។
សូមរំលឹកថា សន្និសីទប្រធានសភា នៃអន្តរសភា គឺជាវេទិកាអន្តរសភាថ្មីមួយ ត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៥។ វេទិកានេះ មានគោលបំណងជំរុញការកសាងសហគមន៍ អន្តរជាតិមួយ ដែលប្រទេសទាំងអស់អាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនានា លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕





Post a Comment