ឯកឧត្តម គង់ គឹមនី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់ទាំង៣ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលរងក្រុង-ស្រុកទាំង៥ លោក ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម គង់ គឹមនី បានស្នើដល់ រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាពនីមួយៗ ធ្វើសេចក្ដីរាយការណ៍ពីស្ថានភាព បញ្ហាប្រឈម ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ តាមបណ្ដាទីប្រជុំជន ក្រុង ស្រុក ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យអនឡាញ (Online Scams)។  

ទន្ទឹមនឹងនេះ ឯកឧត្តម បានជំរុញឱ្យមានការយកចិត្តទុកដាក់ពង្រឹងការងារគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ ជលផល និងទប់ស្កាត់ការចូលទន្ទ្រានដីព្រៃរបស់រដ្ឋ និងកាប់ដីព្រៃធ្វើកម្មសិទ្ធិ ការងារសាងសង់មិនស្របច្បាប់ ការរំលោភចំណីផ្លូវ ជាពិសេសការត្រៀមបង្ការ ការឆ្លើយតបការងារគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ ព្រមទាំងជំរុញការងារពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតផងដែរ៕








Powered by Blogger.