អាជ្ញាធរស្រុកកំពង់ត្រាច ខិតខំជំរុញវិស័យកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពកសិករ និងបំពេញតម្រូវការទីផ្សារ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ អាជ្ញាធរស្រុកកំពង់ត្រាចបានបញ្ជាក់ថា ក្រៅពីវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម វិស័យកសិកម្ម ក៏ជាផ្នែកមួយសំខាន់បំផុត ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្ន រដ្ឋបាលស្រុកបាន និងកំពុងខិតខំ សហការជាមួយមន្ទីរជំនាញ អង្គការដៃគូ សមាគម ក្រុមហ៊ុនឯកជននានា ក្នុងការផ្តល់បច្ចេកទេសដាំ និងចិញ្ចឹមដើម្បីបង្កើនទន្និផល ជំរុញការកែច្នៃវេចខ្ចប់ និងទីផ្សារ ក្នុងបំណង់លើកកម្ពស់ជីវភាពកសិករឲ្យកាន់តែប្រសើរ។

អភិបាលស្រុកកំពង់ត្រាច លោក អូន ខន បានប្រាប់ឲ្យដឹងថា វិស័យកសិកម្មបានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ហើយរដ្ឋបាលស្រុកមានចក្ខុវិស័យ និងផែនការសកម្មភាពច្បាស់លាស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែប្រសើរ តាមរយៈការផ្តល់បច្ចេកទេសដាំ និងចិញ្ចឹម ការថែទាំ ការកែច្នៃវេចខ្ចប់ និងការផ្សព្វផ្សាយ ស្វែងរកទីផ្សារជូនកសិករជាដើម ។

លោកអភិបាលស្រុកបានបន្តថា វិស័យកសិកម្មមានសក្តានុពលដោយសារ ស្រុកមានផ្លូវតភ្ជាប់ងាយស្រួលក្នុងការដឹកកសិផល និងមានប្រព័ន្ធធារាសាស្ត្រ សម្រាប់ស្រោចស្រពរឹងមាំ ដែលបង្កលក្ខណៈងាយស្រួលដល់កសិករអាចធ្វើស្រែ ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំផ្សេងៗបានពេញមួយឆ្នាំ។

សូមបញ្ជាក់ថា ស្រុកកំពង់ត្រាចជាតំបន់ផលិតម្រេចកំពត (GI) ដ៏ល្បីឈ្មោះ និងទទួលស្គាល់គុណភាពល្អដាច់គេ នៅទូទាំងពិភពលោក។ បច្ចុប្បន្ន តាមរយៈសមាគមលើកកម្ពស់ម្រេចកំពត ដែលមានសមាជិកចំនួន៣៤១ គ្រួសារ និងក្រុមហ៊ុនចំនួន ៣០ក្រុមហ៊ុន ចូលរួមផលិត និងធ្វើអាជីវកម្មម្រេចកំពតនោះ គេអាចនាំចេញម្រេចចេញក្នុងមួយឆ្នាំរង្វង់១០០តោន។  ជាក់ស្តែងនៅឆ្នាំ២០២៥ ការនាំចេញម្រេចកំពត(GI) បានមានប្រមាណ ១២០តោន ខណៈឆ្នាំ២០២៦ គិតមកដល់ពេលនេះ ការនាំចេញបានប្រមាណជាង ៧៩តោនហើយ៕



 

Powered by Blogger.