រដ្ឋមន្រ្តី ហួត ហាក់៖ វត្តអារាម មិនត្រឹមជាកន្លែងគោរព ជំនឿប៉ុណ្ណោះទេ ក៏ជាគោលដៅទេសចរណ៍ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ
ភ្នំពេញ៖ ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ វត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាទីកន្លែងគោរពប្រតិបត្តិតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
និងលោកជំទាវ សុង ធីតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព
និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ
និងសមាជិកានៃសាខាសមាគមនារីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម
«ដំណើរទស្សនកិច្ចសិក្សារបស់សាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងទេសចរណ៍»
នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង។ ដំណើរទស្សនកិច្ចសិក្សានេះ
ដឹកនាំធ្វើសមាធិ និងប្រគេនឱវាទដោយសម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព
ព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័នគល់ទទឹង និងដោយមានការអញ្ជើញចូលរួមពីលោកជំទាវ
លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកានៃសាខាសមាគមនារីក្រសួងទេសចរណ៍, តំណាងសមាគម CATA, តំណាងសមាគម CTF និងបងប្អូនអ្នកផលិតមាតិកា Influencers ប្រមាណ
២៥០នាក់។
ការរៀបចំដំណើរទស្សនកិច្ចសិក្សាដ៏មានអត្ថន័យនេះ
គឺដើម្បីផ្តល់ឱកាសដល់សមាជិកា បានសិក្សាស្វែងយល់អំពីគុណតម្លៃនៃព្រះពុទ្ធសាសនា
ស្តាប់ធម្មឱវាទ
និងយកព្រះពុទ្ធឱវាទមកអនុវត្តក្នុងការរស់នៅនិងការបំពេញភារកិច្ចប្រចាំថ្ងៃ
បានរួបរួមគ្នាមកធ្វើបុណ្យ សន្សំកុសល និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង
និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងនៅក្នុងអង្គភាព និងស្ថាប័ន។
ថ្លែងក្នុងនៃដំណើរទស្សនកិច្ចនេះ
ឯកឧត្តមរដ្ឋមន្រ្តី យកឱកាសដ៏ប្រពៃថ្លៃថ្លានេះ ក្រាបថ្វាយ បង្គំ
ថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេនចំពោះ សម្តេចព្រះឧត្តមវង្សាបណ្ឌិត,ព្រះថេរានុត្ថេរៈ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានអនុញ្ញាត និមន្តចូលរួម
ព្រមទាំងទទួលបដិសណ្ឋារកិច្ច និងប្រោសប្រទានព្រះធម៌ទេសនា និងព្រះពុទ្ធឱវាទ
ដល់គណៈប្រតិភូសមាគមនារីនៃក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្វាយប្រគេននូវសេចក្ដីគោរពកោតសរសើរ
និងគោរពអរព្រះគុណយ៉ាងជ្រាលជ្រៅដល់ ព្រះគុណម្ចាស់ គូ សុភាព
ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវធម្មឱវាទដ៏មានតម្លៃដល់ពុទ្ធបរិស័ទ, ផ្តល់អនុសាសន៍ល្អៗនៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេស
ការអភិវឌ្ឍទីអារាមនិគ្រោធវ័ន្តប្រកបដោយសោភ័ណភាព សណ្តាប់ធ្នាប់ ភាពស្អាត
និងបរិស្ថានបៃតង មិនត្រឹមតែជាការលើកតម្កើងតម្លៃព្រះពុទ្ធសាសនាប៉ុណ្ណោះទេ
ប៉ុន្តែក៏បានប្រែក្លាយវត្តអារាមឱ្យក្លាយជា
គោលដៅទេសចរណ៍សាសនាដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី
ក៏មានប្រសាសន៍បន្តថា ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ព្រោះវត្តអារាម
និងទីសក្ការៈបូជា មិនត្រឹមតែជាកន្លែងគោរពប្រតិបត្តិតាមជំនឿប៉ុណ្ណោះទេ
ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ
វប្បធម៌ និងអត្តសញ្ញាណជាតិ។ ជាក់ស្តែង ទេសចរណ៍សាសនា បានផ្តល់ឱកាសដល់ភ្ញៀវទេសចរបានស្វែងយល់អំពីព្រះពុទ្ធសាសនា
ចូលរួមពិធីបុណ្យប្រពៃណី អនុវត្តសមាធិ និងស្វែងរកសេចក្តីសុខផ្លូវចិត្ត
ព្រមទាំងរួមចំណែកបង្កើតចំណូល គាំទ្រជីវភាពសហគមន៍ និងថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី
ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍទេសចរណ៍សាសនា
ត្រូវគោរពក្រឹត្យក្រមវិន័យនៃព្រះពុទ្ធសាសនា, ភាពស័ក្តិសិទ្ធិជាទីគោរពសក្ការៈ,
សេចក្តីថ្លៃថ្នូរ, ព្រមទាំងធានា ភាពស្អាត
បៃតង សុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពស្ងប់ស្ងាត់។ ក្នុងស្មារតីនេះ ក្រសួងទេសចរណ៍
និងក្រសួងធម្មការ និងសាសនា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាបង្កើត
និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនា
ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សាសនារបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ
និងប្រកបដោយចីរភាព៕







Post a Comment