ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបើកបវេសនកាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញតុលាការ ជំនាន់ទី២
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញតុលាការ ជំនាន់ទី២។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រួមទាំងតំណាងសាកលវិទ្យាល័យហ្សង់ម៉ូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង ព្រមទាំងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញតុលាការ ជំនាន់ទី២ ផងដែរ។
ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ហ្សង់ម៉ូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃរបស់ខ្លួនក្នុងការធ្វើឱ្យកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញតុលាការនេះ ដំណើរការទៅដោយរលូនប្រកបដោយគុណភាព និងនិរន្តភាព ក្រោមកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងសាកលវិទ្យាល័យហ្សង់ម៉ូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង។
មានប្រសាសន៍ក្នុងពិធីនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចជូនដល់និស្សិតជ័យលាភីទាំងអស់ និងអង្គពិធីទាំងមូលអំពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងមូលធនមនុស្ស ដោយរាជរដ្ឋាភិបាលបានកំណត់យកគោលការណ៍ “គុណាធិបតេយ្យ” ជាគោលការណ៍មួយដ៏សំខាន់ក្នុងការជ្រើសរើសមន្ត្រីរាជការ និងការតែងតាំងឱ្យកាន់មុខតំណែងទទួលខុសត្រូវនានា នៅតាមក្រសួង-ស្ថាប័ននានា។ បន្ថែមពីនេះ, ក្រសួងយុត្តិធម៌ ក៏បានកំណត់យក “ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌” និង “ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ” ជាការងារអាទិភាពរបស់ខ្លួន។ ទន្ទឹមនេះ, ក្រសួងយុត្តិធម៌ ក៏បានបន្តប្រកាន់ខ្ជាប់នូវពាក្យស្លោក “អ្នកមានសមត្ថភាពត្រូវបំពាក់សមត្ថកិច្ច ហើយអ្នកមានសមត្ថកិច្ចត្រូវបំពាក់សមត្ថភាព” ផងដែរ។
ក្នុងស្មារតីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និសិ្សតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញតុលាការ ជំនាន់ទី២ ឱ្យខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្រេបយកចំណេះដឹង ទាំងក្នុងក្របខ័ណ្ឌផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌផ្នែកអនុវត្តជាក់ស្តែង និងទាំងលើការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើមុខវិជ្ជាវិធីសាស្ត្រគតិយុត្ត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់អ្នកច្បាប់ក្នុងការរៀបចំតាក់តែងឯកសារ ការវិភាគ និងដោះស្រាយសំណុំរឿង។
បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យនិស្សិត ដែលមានបទពិសោធន៍នឹងការអនុវត្តច្បាប់ ដែលនឹងជ្រើសរើសយកការសរសេរអត្ថបទស្រាវជ្រាវជំនួសការចុះកម្មសិក្សា ពិចារណាជ្រើសរើសយកប្រធានបទស្រាវជ្រាវដែលពាក់ព័ន្ធនឹងសង្គម និងមានសារៈសំខាន់ផ្នែកច្បាប់និងយុត្តិធម៌ ដើម្បីជាប្រយោជន៍ដល់ការបំពេញការងាររបស់ខ្លួននាពេលបញ្ចប់ការសិក្សា និងជាធាតុចូលដែលអាចចូលរួមឆ្លើយតបទៅនឹងបញ្ហាប្រឈមជាក់ស្ដែងផ្នែកច្បាប់ និងយុត្តិធម៌នៅក្នុងសង្គមផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំនៃសាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្វះស្វែងរៀបចំឱ្យមានបឋកថា សិក្ខាសាលា ក្នុងន័យផ្ទេរពុទ្ធិ ចែករំលែកចំណេះដឹង ព្រមទាំងទស្សនកិច្ចសិក្សា និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ទៅក្រៅប្រទេស ដើម្បីជាកម្មវិធីបន្ថែមលើកម្មវិធីសិក្សានៃបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញតុលាការ សំដៅបង្កើនគុណភាពនៃកម្មវិធីសិក្សាជារួម និងពង្រឹងសមត្ថភាពរបស់និស្សិតទាំងលើផ្នែកទ្រឹស្តី ទាំងលើការអនុវត្ត។







Post a Comment