អ៊ីរ៉ង់ព្រមានបើកការវាយលុកនៅច្រកសមុទ្រហ័រមូស ប្រសិនបើការចរចាជាមួយអាមេរិកបរាជ័យ
ឌូបៃ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តប្តូរយុទ្ធសាស្ត្រពីការការពារ ទៅជាការវាយលុកពេញទំហឹងវិញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក បានជួបភាពជាប់គាំង។
មន្ត្រីអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា «ស្ថាប័នអ៊ីរ៉ង់ទាំងអស់ត្រូវតែត្រៀមខ្លួនជាស្រេច
ដើម្បីបង្កើនភាពតានតឹងនៅច្រកសមុទ្រហ័រមូស និងក្នុងតំបន់ទាំងមូល
ព្រោះអ៊ីរ៉ង់នឹងត្រៀមខ្លួនធ្វើការសម្រេចចិត្ត និងចាត់វិធានការដ៏លំបាកបំផុត»។ លោកបានបន្ថែមថា ទីក្រុងតេហេរ៉ង់ នឹងបើកការវាយប្រហារយោធា «ទាន់ពេលវេលា និងចំគោលដៅ» ដើម្បីបំបែកការបិទខ្ទប់របស់កងទ័ពជើងទឹកអាមេរិក
ប្រសិនបើមធ្យោបាយការទូតត្រូវទទួលបរាជ័យ។
សូមជម្រាបថា ថ្ងៃចន្ទ គឺជាថ្ងៃកំណត់ដែលអ៊ីរ៉ង់
និងសហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ
ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានឯកភាពកាលពីខែមិថុនា។
អនុស្សរណៈដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា នោះ បានកំណត់ពេលវេលា ៦០ថ្ងៃ
(អាចពន្យារបានតាមការព្រមព្រៀង) ដើម្បីឱ្យទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់
ឈានដល់កិច្ចព្រមព្រៀងមួយដែលគ្របដណ្តប់លើបញ្ហាទូលំទូលាយ
ដូចជាជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម។
ទោះជាយ៉ាងណា
អនុស្សរណៈដែលបានប្រកាសពីការបញ្ឈប់ប្រតិបត្តិការយោធាជាអចិន្ត្រៃយ៍នៅគ្រប់សមរភូមិនេះ
បានដួលរលំទៅវិញយ៉ាងឆាប់រហ័ស ដោយសារតែជម្លោះដណ្តើមការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស។
ស្របពេលជាមួយគ្នានេះ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ក៏បានប្រាប់ពលរដ្ឋអាមេរិកឱ្យត្រៀមខ្លួនទទួលយកការកើនឡើងនៃតម្លៃប្រេងសាំងផងដែរ៕ (Reuters)

Post a Comment