សហភាពអឺរ៉ុបគ្រោងដាក់ទណ្ឌកម្មដ៏ធំបំផុតប្រឆាំងនឹងរុស្ស៊ី នៅប៉ុន្មានខែខាងមុខនេះ
ព្រុចសែល៖ ប្រមុខគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី កាយ៉ា កាឡាស់ (Kaja Kallas) បានប្រកាសថា ប្លុកអឺរ៉ុបមួយនេះមានបំណងពង្រីកទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីយ៉ាងខ្លាំងក្លា នៅក្នុងប៉ុន្មានខែខាងមុខនេះ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
លោកស្រី កាឡាស់
ដែលជាប្រធានស្ថាប័នការទូតអឺរ៉ុប (EEAS) បានប្រាប់កាសែតអាល្លឺម៉ង់
Die Welt ថា «ទណ្ឌកម្មរបស់ EU
កន្លងមក បានធ្វើឱ្យរុស្ស៊ីខាតបង់យ៉ាងធ្ងន់ធ្ងរ
ដោយបានកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុសម្រាប់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីអស់ជាង
១ទ្រីលានអឺរ៉ូ (ប្រមាណ ១,១៦ទ្រីលានដុល្លារ)។
សម្រាប់រដូវស្លឹកឈើជ្រុះខាងមុខនេះ
ខ្ញុំនឹងស្នើឡើងនូវបញ្ជីទណ្ឌកម្មដ៏ធំទូលាយបំផុតមិនធ្លាប់មាន
ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង»។
លោកស្រីបានសង្កត់ធ្ងន់ថា
ប្រសិនបើត្រូវបានអនុម័ត
ទណ្ឌកម្មថ្មីនេះនឹងធ្វើឱ្យចំនួនស្ថាប័នរុស្ស៊ីដែលរងទណ្ឌកម្មកើនឡើងមួយភាគបីភ្លាមៗ
ហើយសម្ពាធនេះត្រូវតែបន្តកើនឡើងរហូតទាល់តែទីក្រុងមូស្គូព្រមបញ្ចប់សង្គ្រាម។
ទោះបីជាលោកស្រីមិនបានបញ្ជាក់លម្អិតពីពេលវេលា
ឬគោលដៅទណ្ឌកម្មថ្មីនេះក៏ដោយ ប៉ុន្តែប្រភពការទូត EU បានបង្ហើបប្រាប់
Reuters ថា EEAS នឹងស្នើដាក់ទណ្ឌកម្មលើបុគ្គល
និងស្ថាប័នប្រមាណ ១,៦០០ ដែលមានមូលដ្ឋាននៅរុស្ស៊ី
ដោយផ្តោតសំខាន់លើបណ្តាញឧស្សាហកម្មយោធារបស់ទីក្រុងមូស្គូ។ ប្រភពបានបន្ថែមថា
ទណ្ឌកម្មទាំងនោះនឹងរួមបញ្ចូលទាំងការហាមឃាត់ការធ្វើដំណើរ
ការហាមឃាត់ប្រតិបត្តិការហិរញ្ញវត្ថុ និងការបង្កកទ្រព្យសម្បត្តិ។
សូមជម្រាបថា មកទល់ពេលនេះ EU បានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនរុស្ស៊ីជិត ៣,០០០ រួចមកហើយ៕ (Reuters)

Post a Comment