ប្រធានរដ្ឋសភាកម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅជំរុញទំហំពាណិជ្ជកម្មឲ្យដល់ ២០ពាន់លានដុល្លារ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភាវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នៃទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរ ពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីធ្វើយ៉ាងណាឱ្យទិសដៅរដ្ឋាភិបាលកម្ពុជា-វៀតណាម ដាក់ចេញ ២០ពាន់លានដុល្លារអាមេរិក សម្រេចបានក្នុងពេលខាងមុខនេះ។
ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរនេះ
បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន
សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ង្វៀន ធី ថាញ់
(Nguyen
Thi Thanh) អនុប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភា
ក្នុងពេលដែលលោកស្រីដឹកនាំគណៈប្រតិភូ
អញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ
និងបានវាយតម្លៃខ្ពស់ចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម
ដែលបានអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នាឱកាសនេះ។
សម្តេចបានគូសបញ្ជាក់ថា ការជួបជុំគ្នាដ៏ធំជាប្រវត្តិសាស្ត្រ ISC
លើកទី២ មានសភាជាង ២០ប្រទេស និងអង្គការអន្តរជាតិសំខាន់ៗចំនួន៨
ចូលរួម បានញ៉ាំងឱ្យវេទិកានេះក្លាយជាវេទិកាមួយដ៏ធំ
បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព លើកកម្ពស់ការគោរពច្បាប់
និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី
បានបង្ហាញក្តីរីករាយជាខ្លាំងដែលបានជួប លោកស្រីអនុប្រធានរដ្ឋសភាវៀតណាម
ជាថ្មីម្តងទៀត ក្រោយពីជំនួបប្រកបដោយលទ្ធផលផ្លែផ្កានៅរដ្ឋធានីហាណូយ
ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា
ដឹកនាំដោយសម្តេច នៅប្រទេសវៀតណាម កាលពីចុងខែកក្កដាកន្លងទៅថ្មីៗនេះ។
សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីជូន លោកប្រធានរដ្ឋសភាវៀតណាម
លោកស្រីអនុប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាវៀតណាមទាំងមូល
ដែលបានផ្តល់នូវការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ស្និទ្ធស្នាល
និងកក់ក្តៅបំផុតជូនដល់គណៈប្រតិភូរដ្ឋសភាកម្ពុជា។ ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសវៀតណាមបានទទួលលទ្ធផលជាទីមោទនៈ
ក្នុងការបម្រើឧត្តមប្រយោជន៍នៃពលរដ្ឋទាំងសងខាង។
លោកស្រី ង្វៀន ធី ថាញ់
បានបង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ
សម្តេចប្រធានរដ្ឋសភា
ដែលបានទទួលស្វាគមន៍គណៈប្រតិភូវៀតណាមប្រកបដោយភាពកក់ក្តៅជាទីបំផុត។ លោកស្រីបានអបអរសាទរចំពោះការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា
និងបានអបអរសាទរចំពោះការធ្វើជាម្ចាស់ផ្ទះ ISC-2 របស់សភាកម្ពុជា
ដែលបានលើកកម្ពស់កិត្យានុភាព និងតួនាទីកម្ពុជានៅលើឆាកអន្តរជាតិ។
លោកស្រីមានជំនឿមុតមាំថា
វេទិកាដែលជាការប្រមូលផ្តុំថ្នាក់ដឹកនាំសភានៅក្នុងតំបន់និងអន្តរជាតិ
នឹងទទួលបានជោគជ័យជាក់ជាមិនខាន នៅក្នុងការប្រែក្លាយទ្រឹស្តីទៅជាការអនុវត្តជាក់ស្តែង
ចេញជាលទ្ធផលពិតប្រាកដបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានអបអរសាទរ
និងគាំទ្រចំពោះចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជានិងវៀតណាម ដែលបានប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ
និងពន្លឿនទំហំពាណិជ្ជកម្មឱ្យឈានដល់ ២០ពាន់លានដុល្លារអាមេរិក ក្នុងពេលខាងមុខ។
នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងរហូតដល់
១១.៣៣ពាន់លានដុល្លារអាមេរិក ដោយឡែកនៅឆ្នាំ២០២៦ នេះ
មានការរំពឹងថានឹងកើនឡើងរហូតដល់ជាង ១២ពាន់លានដុល្លារអាមេរិក។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកស្រី
ង្វៀន ធី ថាញ់
ក៏បានរំលឹកនូវលទ្ធផលត្រចះត្រចង់នៃជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភា
និងលោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម
កាលពីចុងខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងការពង្រឹងពង្រីកការងារការទូតសភា
ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាជំរុញវិស័យពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍
អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍
និងការឯកភាពគ្នានៅក្នុងការកែសម្រួលអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋសភាប្រទេសទាំងពីរ ដែលបានធ្វើឡើងកាលពីឆ្នាំ២០២២
ឱ្យសមស្របតាមសភាពការណ៍ជាក់ស្តែង។
ជាថ្មីម្តងទៀត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី
និងលោកស្រី ង្វៀន ធី ថាញ់
ក៏បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមចំពោះកិច្ចសហប្រតិបត្តិការរវាងគ្នានៅគ្រប់កម្រិត
ទាំងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី មានដូចជា ក្នុងក្របខ័ណ្ឌក្រុមមិត្តភាព
គណៈកម្មការជំនាញ ក្រុមសមាជិកសភាជាស្ត្រី សមាជិកសភាវ័យក្មេង
ក៏ដូចជាកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។
រដ្ឋសភាប្រទេសទាំងពីរនឹងបន្តគាំទ្រគ្នានៅលើវេទិកាអន្តរសភាឱ្យកាន់តែសកម្មបន្ថែមទៀត
ដោយយកពលរដ្ឋជាស្នូល៕

Post a Comment