កម្ពុជា-បេឡារុស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ និងជំរុញការបណ្តុះបណ្តាលមន្ត្រីរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-បេឡារុស នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងជំនួបនោះ ឯកឧត្តម វង សូត បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរដ្ឋសភា និងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ ព្រមទាំងបានលើកឡើងនូវចំណុចគន្លឹះសំខាន់ គឺការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែស៊ីជម្រៅ។
ជាការឆ្លើយតប ឯកឧត្តម Uladzimir Baravikou បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បេឡារុសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា និងទំនាក់ទំនងទ្វេភាគីលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងគ្រឿងយន្តកសិកម្ម។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានសម្តែងការគាំទ្រចំពោះលទ្ធផលនៃជំនួបរវាងឯកឧត្តមឯកអគ្គរដ្ឋទូត ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីខែមិថុនាកន្លងទៅ ដែលជាកាលានុវត្តភាពថ្មីក្នុងការពង្រីកទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងសន្និសីទ ISC-2 ដែលជាសក្ខីភាពបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ និងការរួមចំណែកការពារសន្តិភាពតាមរយៈការទូតសភាផងដែរ៕







Powered by Blogger.