ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍នៅភូមិស្រអែមខាងជើង ជាភូមិដ្ឋានប្រជាជនស៊ីវិលស្លូតត្រង់
ខេត្តព្រះវិហារ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។
សូមគូសបញ្ជាក់ផងដែរថា
ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ
គឺជាផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលស្លូតត្រង់កំពុងរស់នៅ
ដែលត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥
ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ
១៥៥មីលីម៉ែត្រ ជាច្រើនគ្រាប់ បណ្តាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ
និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។
ជាមួយគ្នានេះ
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី
និងអាណត្តិរបស់ AOT
ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ
និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព
និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
រាជរដ្ឋាភិបាល
និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់
ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ
និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣
នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ
ឆ្នាំ២០២៥,
សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា
និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត
ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព
សន្តិភាព ស្ថិរភាពយូរអង្វែង៕










Post a Comment