សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូក៣លើកទី៨
ខេត្តសៀមរាប៖ ពីលើទឹកដីសៀមរាបអង្គរនាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣លើកទី៨ (8th ACCSM+3) នៅសណ្ឋាគារសុខាខេត្តសៀមរាប។
កិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតនៅក្រោមសសរស្តម្ភសង្គម
និងវប្បធម៌របស់អាស៊ាននេះ
មានការអញ្ជើញចូលពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិកអាស៊ាន
អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុន
និងកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា
កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ (ACCSM) បានចាប់ផ្ដើមក្នុងចំណោមប្រទេសសមាជិកអាស៊ានតាំងពីឆ្នាំ១៩៨០
ក្នុងសន្និសីទស្ដីពីការកែទម្រង់ក្នុងវិស័យមុខងារសាធារណៈ។
ស្ថាប័ននេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៨១ ក្រោមឈ្មោះដើមថា «ASEAN
Conference on Civil Service Matters (ACCSM)»។
ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី១៨ នៅខែតុលា
ឆ្នាំ២០១៥ នៅប្រទេសហ្វីលីពីន អង្គប្រជុំបានស្នើសុំប្តូរឈ្មោះ
និងសម្រេចប្តូរឈ្មោះទៅជា «ASEAN Cooperation on Civil Service Matters
(ACCSM)» ជាផ្លូវការដោយប្រមុខមុខងារសាធារណៈអាស៊ាន
ក្នុងកិច្ចប្រជុំចង្អៀតមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥៕

Post a Comment