ស៊ុយអែត នឹងដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងទៅជួយការពារដែនដីហ្វាំងឡង់

ស្តុកខុល៖ កងកម្លាំងការពារជាតិហ្វាំងឡង់ បានប្រកាសនៅថ្ងៃសុក្រនេះថា យោធាស៊ុយអែតនឹងចូលរួមក្នុងបេសកកម្មឃ្លាំមើល និងការពារដែនដីហ្វាំងឡង់ ដោយដាក់ពង្រាយយន្តហោះចម្បាំង Gripen និងនាវាចម្បាំង Corvette រហូតដល់ដំណាច់ឆ្នាំ២០២៦។

រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pål Jonson បានបញ្ជាក់ថា ស៊ុយអែតបានយល់ព្រមតាមសំណើរបស់ហ្វាំងឡង់ ដើម្បីជួយពង្រឹងការការពារដែនអាកាសចំពេលដែលស្ថានភាពសន្តិសុខកាន់តែដុនដាប ហើយកងទ័ពស៊ុយអែតអាចនឹងជួយរុញច្រានការរំលោភបំពានដែនដី ប្រសិនបើចាំបាច់។ បន្ថែមពីនេះ ហ្វាំងឡង់ក៏បានបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័ត RBS 70 NG ពីក្រុមហ៊ុនស៊ុយអែត SAAB ក្នុងតម្លៃប្រមាណ ១២៦លានដុល្លារអាមេរិកផងដែរ។

សូមជម្រាបថា ស៊ុយអែត និងហ្វាំងឡង់ គឺជាសមាជិកថ្មីនៃអង្គការណាតូ (NATO) ខណៈហ្វាំងឡង់មានព្រំដែនជាប់រុស្ស៉ីជាង ១,៣០០គីឡូម៉ែត្រ។ កិច្ចសហប្រតិបត្តិការការពារជាតិនេះ ធ្វើឡើងស្របពេលមានការព្រួយបារម្ភថាសង្គ្រាមនៅអ៊ុយក្រែនអាចនឹងរាលដាលដល់តំបន់ព្រំដែនភាគខាងជើងនៃបក្សសម្ព័ន្ធណាតូ៕ (Reuters)



 

Powered by Blogger.