រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ បន្តកិច្ចសហការធានានូវនិរន្តរភាព នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងហ្គាស
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈទាំងអស់ បន្តផ្តល់កិច្ចសហការល្អប្រសើរ និងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងហ្គាសនៅក្នុងប្រទេស។
ការអំពាវនាវនេះធ្វើឡើង
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការពិនិត្យគុណភាពប្រេងឥន្ធនៈ
រវាងក្រុមហ៊ុន Bright Victory Mekong Petroleum (BVM) និងក្រុមហ៊ុន
Intertek នារសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ
ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន
BVM ជាពិសេសការបោះជំហានយុទ្ធសាស្ត្រក្នុងការពង្រឹងគុណភាពប្រេងឥន្ធនៈ
តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Intertek ដែលជាក្រុមហ៊ុនឯកទេសល្បីឈ្មោះ។
ទន្ទឹមគ្នានេះ លោកជំទាវបានថ្លែងអំណរគុណដល់ក្រុមហ៊ុននាំចូល
និងចែកចាយប្រេងឥន្ធនៈទាំងអស់ ចំពោះកិច្ចសហការ
និងស្មារតីបត់បែនខ្ពស់ក្នុងការចូលរួមដោះស្រាយវិបត្តិជាមួយរាជរដ្ឋាភិបាលកន្លងមក។
លើសពីនេះ លោកជំទាវរដ្ឋមន្រ្តីបានជំរុញ
ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ បន្តផ្តល់នូវកិច្ចសហការដ៏ល្អប្រសើរ
និងជិតស្និទ្ធ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធានានូវនិរន្តរភាព
នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងហ្គាសនិងបន្តអនុវត្តយ៉ាងគត់មត់តាមសេចក្តីណែនាំបច្ចេកទេសនិងសេចក្តីជូនដំណឹងអំពីថ្លៃលក់រាយ
ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ។ ចំណែកក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ
រួមទាំងគ្រប់ស្ថានីយនិងដេប៉ូនៅ
ក្នុងបណ្តាញចែកចាយរបស់ខ្លួនអនុវត្តឱ្យបានគត់មត់នូវបទដ្ឋានបច្ចេកទេសនិងគុណភាព
សំដៅធានាបាននូវការប្រកួតប្រជែងដោយស្មើភាព យុត្តិធម៌ សុចរិតភាព
និងធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ អនុលោមតាមច្បាប់និងបទដ្ឋានគតិយុត្តិជាធរមាន
បន្ថែមពីនេះលោកជំទាវរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើធុរកិច្ចដោយសុចរិតភាព
ការប្រកួតប្រជែងដោយស្មើភាព ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់
និងបានណែនាំឱ្យក្រុមហ៊ុន BVM និង Intertek អនុវត្ត MoU នេះឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព៕








Post a Comment