ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវអំណរគុណចំពោះកម្ពុជា
ដែលបានគាំទ្រលោកស្រី Rena Lee ឯកអគ្គរដ្ឋទូតច្បាប់អន្តរជាតិសឹង្ហបុរី
ជាបេក្ខភាពចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣៦។
បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ
និងជាប្រវត្តិសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ក៏បានចែករំលែកជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីកិច្ចខិតខំប្រឹងប្រែង
និងការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
ក៏ដូចជា ការរៀបចំក្របខ័ណ្ឌច្បាប់ និងយុទ្ធសាស្ត្រ
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សំដៅធានាថាឧក្រិដ្ឋកម្មឆ្លងដែននេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ
បន្ទាប់ពីការបង្ក្រាបរួច។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
និងឯកឧត្តមឯកអគ្គរដ្ឋទូត
ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ
រួមទាំងការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាល
ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា សំដៅលើកកម្ពស់សមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់របស់កម្ពុជា។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើសឆបោក
តាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាក៏បានបង្កើត «ច្បាប់ស្តីពីការប្រឆាំងការ
ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលត្រូវបានរៀបចំតាក់តែងដោយក្រសួងយុត្តិធម៌
និងបានឆ្លងកាត់ការអនុម័តជាផ្លូវការ ពីរដ្ឋសភានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦
ព្រមទាំងពិនិត្យចប់សព្វគ្រប់ ដោយព្រឹទ្ធសភានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
ច្បាប់នេះត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី
ព្រះមហាក្សត្រកម្ពុជាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ និងចូលជាធរមានកាលពីថ្ងៃទី៧
ខែមេសា ឆ្នាំ២០២៦ ។ ច្បាប់នេះបង្កើតឡើងក្នុងគោលបំណងបង្ការ ទប់ស្កាត់
និងបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ព្រមទាំងការលាងលុយកខ្វក់
និងការបង្ខាំងមនុស្សខុសច្បាប់ដែលទាក់ទងនឹងការឆបោកអនឡាញ៕






Post a Comment