ថៃមិនអាចលាក់ភស្តុតាងបានឡើយ៖ អាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ
ភ្នំពេញ៖ តាមរយៈសំណេរបង្ហោះលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៤ ខែសីហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ភស្តុតាងនៅលើដីមិនអាចលាក់បាំងបានឡើយ។ ទូកុងតឺន័រ របាំង លួសបន្លា និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ព្រមទាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ២០ ០០០នាក់ ក្នុងចំណោមជនភៀសសឹកសរុប ៦៥០ ០០០នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន គឺជាអង្គហេតុដែលអាចមើលឃើញ កត់ត្រា និងផ្ទៀងផ្ទាត់បាន។
សំខាន់ជាងនេះទៅទៀត អង្គហេតុនៃការរំលោភឈ្លានពានទាំងនេះ
លែងស្ថិតនៅក្រោមក្រសែភ្នែករបស់ប្រជាជនកម្ពុជាតែម្នាក់ឯងទៀតហើយ។ អាស៊ាន
តំណាងការទូតបរទេស អង្គការសហប្រជាជាតិ
និងសហគមន៍អន្តរជាតិកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់បំផុតលើសកម្មភាពនៃការរំលោភបំពានរបស់យោធាថៃទាំងក្នុងអំឡុងសង្គ្រាមឈ្លានពាន
និងក្រោយបទឈប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពីន បន្តពីប្រទេសម៉ាឡេស៊ី
បានចុះដល់ទីតាំង សង្កេតការណ៍ ផ្ទៀងផ្ទាត់
និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
នៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក AOT-KH បានពិនិត្យ ១៤ទីតាំង ដែលមានទូកុងតឺន័រ ៤៤ទូ ខណៈប្រជាពលរដ្ឋកម្ពុជាចំនួន ៧,៨៧៣នាក់ ស្មើនឹង ១,៨៦៩គ្រួសារ ក្នុងនោះមានកុមារ ១,៨៤៧នាក់
មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាន។
នៅភូមិជោគជ័យ និងភូមិព្រៃចាន់
ក្រុមអ្នកសង្កេតការណ៍បានពិនិត្យ ១០ទីតាំង ដែលមានទូកុងតឺន័រសរុប ៧២ទូ។
នៅពីក្រោយទូកុងតឺន័រទាំងនេះ គឺប្រជាពលរដ្ឋកម្ពុជាចំនួន ៥,៣៨៦នាក់ ស្មើនឹង ១,៤៤៩គ្រួសារ ក្នុងនោះមានកុមារ ១,៥៦៩នាក់
ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេបាន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា
បើបូកតួលេខទាំងនេះ ស្ថានភាពនៅទីតាំងទាំង ៣ នៅក្នុងខេត្តបន្ទាយមានជ័យតែមួយ
ដែលបានរៀបរាប់ខាងលើពាក់ព័ន្ធនឹង ២៤ទីតាំង ទូកុងតឺន័រ ១១៦ទូ
និងប្រជាពលរដ្ឋកម្ពុជាចំនួន ១៣,២៥៩នាក់ ស្មើនឹង ៣,៣១៨គ្រួសារ ក្នុងនោះមានកុមារ ៣,៤១៦នាក់
ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ។ នេះមិនទាន់រាប់ជនភៀសសឹក និងកុងតឺន័រ
បន្លាលួសដែលយោធាថៃបានរំលោភបំពានមកលើអធិបតេយ្យភាព
និងបូរណភាពដែនដីកម្ពុជានៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ
និងខេត្តពោធិ៍សាត់ផងទេ។
នេះមិនមែនគ្រាន់តែជាតួលេខទេ។
ប៉ុន្តែនៅពីក្រោយទូកុងតឺន័រនីមួយៗ
មានគ្រួសារដែលកំពុងរង់ចាំត្រឡប់ទៅផ្ទះរបស់ពួកគេវិញយ៉ាងអន្ទះសាបំផុត។
មានកុមារដែលត្រូវឃ្លាតពីលំនៅឋាន សាលារៀន និងសហគមន៍របស់ខ្លួន។ ដូច្នេះ
ទូកុងតឺន័រទាំងនេះមិនមែនគ្រាន់តែជាវត្ថុដែលដាក់នៅលើដីប៉ុណ្ណោះទេ
ប៉ុន្តែជាផ្នែកមួយនៃស្ថានភាពជាក់ស្តែងដែលកំពុងរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា
ផ្ទុយពីសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រការ ៤
បានបញ្ជាក់ថាភាគីទាំងពីរអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនប្រកបដោយសុវត្ថិភាព
និងសេចក្តីថ្លៃថ្នូរ និងផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ។
កាន់តែសំខាន់ ភស្តុតាងទាំងនេះមិនត្រឹមតែត្រូវបានឃើញដោយ AOT-KH ប៉ុណ្ណោះទេ។
តំណាងការទូតបរទេសដែលបានចុះទៅតំបន់ព្រំដែនក៏បានឃើញដោយផ្ទាល់នូវស្ថានភាពនៅលើដី។
ដូចគ្នានេះ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោក Thomas
Andrews ក្នុងដំណើរបំពេញបេសកកម្មរបស់លោក ក៏បានសង្កេតឃើញរបាំង
ទូកុងតឺន័រ លួស និងការរារាំងការចូលទៅកាន់តំបន់មួយចំនួន
ហើយបានលើកឡើងពីស្ថានភាពប្រជាពលរដ្ឋដែលនៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន។
នេះជាចំណុចដែលមិនអាចមើលរំលងបាន៖ មានភ្នែកទីបីកំពុងមើល។
មានអ្នកសង្កេតការណ៍កំពុងផ្ទៀងផ្ទាត់។ មានតំណាងការទូតបានឃើញទីតាំងជាក់ស្តែង។
មានអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិបានឃើញផលប៉ះពាល់លើប្រជាពលរដ្ឋ។
ដូច្នេះ ការបដិសេធមិនអាចលុបអង្គហេតុបានឡើយ ហើយការបង្កើត fait accompli ក៏មិនអាចបង្កើតភាពស្របច្បាប់បានដែរ។
ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។
លួសបន្លាមិនមែនជាសន្ធិសញ្ញា។ លេណដ្ឋានមិនមែនជាផែនទីខណ្ឌសីមា។
ការដាក់ទង់ជាតិមិនមែនជាប័ណ្ណកម្មសិទ្ធិលើទឹកដី។
ហើយការកាន់កាប់ដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ។
កម្ពុជាបន្តប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ
ដោយផ្អែកលើសន្ធិសញ្ញា និងអនុសញ្ញាបារាំង–សៀម ពិធីសារកំណត់ព្រំដែន ផែនទី
និងលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការព្រំដែនឥណ្ឌូចិន–សៀម MOU ឆ្នាំ២០០០ TOR
ឆ្នាំ២០០៣ និងគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធ។
កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង
ឬការបង្កើតអង្គហេតុសម្រេចដោយឯកតោភាគីឡើយ។
ផ្លូវដោះស្រាយគឺ JBC និងច្បាប់
មិនមែន fait
accompli និងកម្លាំងយោធាឡើយ។ ការងារវាស់វែង
និងខណ្ឌសីមាត្រូវអនុវត្តតាមយន្តការដែលភាគីទាំងពីរបានឯកភាព។ ទន្ទឹមនឹងនេះ
ប្រជាពលរដ្ឋស៊ីវិលត្រូវអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយគ្មានការរារាំង
ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
ស្របតាមការឯកភាពក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
បទឈប់បាញ់មិនមែនជាអាជ្ញាបណ្ណសម្រាប់បង្កើតស្ថានភាពថ្មីនៅលើដីទេ។
សន្តិភាពមិនមែនគ្រាន់តែជាការស្ងប់ស្នូរកាំភ្លើងទេ; សន្តិភាពត្រូវមានន័យថា ប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះរបស់ពួកគេបាន។
ថ្ងៃនេះ
ស្ថានភាពនៅព្រំដែនកម្ពុជា–ថៃលែងអាចកើតឡើងក្នុងភាពងងឹតបានទៀតហើយ។ អាស៊ានកំពុងមើល។
តំណាងការទូតបានឃើញ។ អង្គការសហប្រជាជាតិកំពុងតាមដាន។
សហគមន៍អន្តរជាតិកំពុងសម្លឹងមើល។
ការប្រើកម្លាំងអាចបង្កើតការគ្រប់គ្រងជាក់ស្តែងមួយរយៈ
ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បាន។ ទូកុងតឺន័រអាចរារាំងផ្លូវទៅផ្ទះ
ប៉ុន្តែមិនអាចរារាំងការពិតបាន។ លួសបន្លាអាចបិទផ្លូវប្រជាពលរដ្ឋ
ប៉ុន្តែមិនអាចបិទក្រសែភ្នែករបស់ពិភពលោកបានឡើយ។
បើតាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ថៃមិនអាចលាក់ភស្តុតាងដែលកំពុងស្ថិតក្រោមក្រសែភ្នែកអាស៊ាន អង្គការសហប្រជាជាតិ
តំណាងការទូត និងសហគមន៍អន្តរជាតិបានឡើយ។ អង្គហេតុកំពុងត្រូវបានកត់ត្រា
ភស្តុតាងកំពុងត្រូវបានផ្ទៀងផ្ទាត់ ហើយផលប៉ះពាល់លើប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវបានមើលឃើញដោយផ្ទាល់។
កម្លាំងអាចបង្កើត fait
accompli មួយរយៈ
ប៉ុន្តែមិនអាចបម្លែងការកាន់កាប់ទៅជាអធិបតេយ្យភាពស្របច្បាប់បានឡើយ។ នៅទីបញ្ចប់
អង្គហេតុ ច្បាប់ និងភស្តុតាងនៅលើដីនឹងនិយាយដោយខ្លួនឯង៕





Post a Comment