កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
ភ្នំពេញ៖ យន្តការផ្សះផ្សាដោយបង្ខំលើបញ្ហាសមុទ្រ ដែលកម្ពុជាបានជ្រើសរើស ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសថៃនោះ មិននៅស្ងៀមនោះឡើយ ពេលនេះបានបោះជំហានមួយជំហានទៀតហើយ ដោយកម្ពុជា និងថៃ សម្រេចជ្រើសយកលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងនៅយប់ថ្ងៃទី១៤
ខែសីហា ឆ្នាំ២០២៦នេះថា
បន្ទាប់ពីមានការប្រកាសនៅថ្ងៃនេះដោយតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍
អ្នកផ្សះផ្សាទាំង៤រូប បានតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា
ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
ក្រសួងការបរទេស និងសហប្រតិបត្តិការ
អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការតែងតាំងនេះ។
កម្ពុជាថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ
ហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។
កម្ពុជា
ក៏បានថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់
ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុតនូវដំណើរការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា។
នេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា
ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា កម្ពុជា
ជឿជាក់ថា
ដំណើរការផ្សះផ្សានឹងផ្តល់នូវឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រ
ក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេង
និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារលើដែនសមុទ្រត្រួតគ្នា។
ការសម្រេចបានវឌ្ឍនភាពលើបញ្ហាទាំងពីរ គឺស្ថិតក្នុងខណៈពេលដ៏សំខាន់សម្រាប់សន្តិសុខថាមពលក្នុងតំបន់។
រាជរដ្ឋាភិបាលកម្ពុជា
នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ
ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ
ហើយនឹងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នេះ
រួមមានសមាសភាពអ្នកផ្សះផ្សាឯករាជ្យចំនួនប្រាំរូប។ កម្ពុជាបានតែងតាំងឯកអគ្គរដ្ឋទូត
Peter Taksøe-Jensen និងសាស្ត្រាចារ្យ Jean-Marc
Thouvenin ចំណែកប្រទេសថៃបានតែងតាំងចៅក្រម Rudiger Wolfrum និង Albert Hoffmann ជា អ្នកផ្សះផ្សា។
អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំង លោកស្រី Katrina
Cooper ជាប្រធានគណៈកម្មការ ផ្សះផ្សា
ដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងសងខាង។
ពេលនេះមានការរៀបចំគណៈកម្មការផ្សះផ្សារួចរាល់ហើយ ដំណើរការផ្សះផ្សារំពឹងថានឹង
បន្តការងារទៅមុខជាមួយនឹងការកោះប្រជុំជាលើកដំបូងស្ដីពីនីតិវិធីរបស់ខ្លួន
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕



Post a Comment