អភិបាលខេត្តកំពត៖ រាជរដ្ឋាភិបាលគិតគូរជានិច្ចចំពោះការលះបង់និងគុណូបការៈរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ដើម្បីជាសក្ដីភាព ក៏ដូចជាការលើកកម្ពស់តម្លៃមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាឱ្យកាន់តែមានទឹកចិត្ត ដែលមានស្មារតីម្ចាស់ការក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ គ្រឿងឥស្សរិយយសមេដាយការងារត្រូវបានផ្តល់ជូនមន្ត្រីរាជការ ក្រោមការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧។ នេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការដឹងគុណចំពោះការលះបង់ និងគុណូបការៈរបស់មន្ត្រីរាជការ ដែលបានរួមដំណើរជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងបំរើប្រជាពលរដ្ឋ។
ថ្លែងទៅកាន់មន្ត្រីរាជការ
និងមន្ត្រីកិច្ចសន្យាប្រមាណជាង ៨០០នាក់ ក្នុងពិធីបំពាក់មេដាយការងារជូនមន្ត្រីរាជការ
និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកំពត ក្រុង-ស្រុក នាព្រឹកថ្ងៃទី៣ ខែសីហា
ឆ្នាំ២០២៦ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត
បានលើកឡើងថា ដោយមើលឃើញនូវគុណូបការៈ ក៏ដូចជាការលះបង់របស់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា
លោកគ្រូ អ្នកគ្រូ និងមន្ត្រីសុខាភិបាល ដែលបានលះបង់ពេលវេលា កម្លាំងកាយ
កម្លាំងចិត្តក្នុងការបំពេញតួនាទីបានយ៉ាងល្អប្រសើរតាមជំនាញវិជ្ជាជីវៈរៀងៗខ្លួន
ដើម្បីបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ក៏ដូចជារួមដំណើរក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
បានរៀបចំផ្តល់ជូននូវគ្រឿងឥស្សរិយយសមេដាយការងារជូនដល់មន្ត្រីរាជការ
ក៏ដូចជាមន្ត្រីជាប់កិច្ចសន្យាជាបន្តបន្ទាប់។ ឯកឧត្តមអភិបាលខេត្តបានបន្តថា
ការគិតគូរនេះគឺជាសក្ដីភាព ក៏ដូចជាការលើកកម្ពស់តម្លៃមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាឱ្យកាន់តែមានទឹកចិត្ត
ដែលមានស្មារតីម្ចាស់ការក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ
ពិសេសដឹងគុណចំពោះការលះបង់ និងគុណូបការៈរបស់មន្ត្រីរាជការដែលបានលះបង់នាពេលកន្លងមក។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន
ក៏បានជំរុញឱ្យមន្ត្រីរាជការទាំងអស់ដែលទទួលបានគ្រឿងឥស្សរិយយសមេដាយការងារនាពេលនេះ
បន្តខិតខំប្រឹងប្រែងបំពេញតួនាទីតាមជំនាញវិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អបន្ថែមទៀត
ដើម្បីបំរើពុកម៉ែប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ព្រោះយើងអាចទទួលបានការលើកទឹកចិត្ត
និងមេដាយបន្តបន្ទាប់ទៀត។ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលឹកដែរថា ក្រោយថ្ងៃរំដោះ ៧មករា
ឆ្នាំ១៩៧៩ ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យត្រូវបានរៀបចំឡើងវិញជាបណ្តើរៗ
ហើយធនធានមនុស្ស និងមន្ត្រីជំនាញក៏មិនមានច្រើនដូចបច្ចុប្បន្ន។
ប៉ុន្តែដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ
ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព បានពង្រឹងនឹងរៀបចំឡើងវិញបានយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ
ដែលបច្ចុប្បន្ននេះអ្វីៗក៏មានទាំងអស់ឱ្យតែជាតម្រូវការរបស់ពលរដ្ឋ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពត
ពិធីបំពាក់មេដាយការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាពេលនេះ
រួមមានមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត រដ្ឋបាលក្រុងកំពត រដ្ឋបាលក្រុងបូកគោ
រដ្ឋបាលស្រុកទឹកឈូ និងរដ្ឋបាលស្រុកកំពង់ត្រាច ក្នុងនោះមានមន្ត្រីអប់រំ
និងមន្ត្រីសុខាភិបាល ដែលមានចំនួន ៨៥០នាក់ ស្រី ៤៩២នាក់
ក្នុងចំណោមមន្ត្រីរាជការដែលត្រូវទទួលបានមេដាយនៅទូទាំងខេត្តចំនួន ២ ៣០២នាក់
ក្នុងនោះស្រី ១ ២៥២នាក់៕




Post a Comment