ក្លឹបអ្នកកាសែតកម្ពុជា និងក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាពីប្រធានបទ «ការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ»
ដោយ : ថោង វណ្ណា
រាជធានីភ្នំពេញ÷ ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមកំពុងមានតួនាទីកាន់តែសំខាន់ក្នុងការផ្តល់ព័ត៌មាន ហើយការប្រើភាសានៅមានកំរិតនៅឡើយ ដូច្នេះដើម្បីបង្កើតឥទិ្ធពលលើការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាដោយលើកយកប្រធានបទ «ការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ : នរណាជាអ្នកទទួលខុសត្រូវ»។វេទិកាពិភាក្សាខាងលើនេះនឹងរៀបចំធ្វើឡើងនាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា មានទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលបំណងជួបគ្នាផ្លាស់ប្ដូរមតិយោបល់ និងចែករំលែកចំណេះដឹងរវាងអ្នកជំនាញភាសាខ្មែរ ជាមួយអ្នកប្រកបវិជកជាជីវ:សារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម ហើយនិងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីពិនិត្យលើបញ្ហាប្រឈមនៃការប្រើប្រាស់ពាក្យពេចន៍ អក្ខរាវិរុទ្ធ វេយ្យាករណ៍ និងការប្រើប្រាស់ពាក្យថ្មីៗនៅក្នុងអាជីពសារព័ត៌មាន និងបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះឱ្យបានត្រឹមត្រូវ។
នៅក្នុងវេទិកានេះដែរវាគ្មិនកិត្តិយស បណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា, បណ្ឌិត មាស បូរ៉ា ប្រធានវិទ្យាស្ថានជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ជិន លន សាស្ត្រាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត នឹងធ្វើបទបង្ហាញចែករំលែកអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម និងឥទ្ធិពលអវិជ្ជមាននៅពេលដែលការប្រើប្រាស់ភាសាខ្មែរ ទាំងអក្ខរាវិរុទ្ធ ពាក្យពេចន៍ និងការប្រើប្រាស់វេយ្យាករណ៍មិនបានត្រឹមត្រូវ ឬប្រាសចាកពីនិយាមអក្សរសាស្រ្តខ្មែរ។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា តាមរយៈវេទិកានេះ នឹងអាចជួយឱ្យអ្នកប្រកបវិជ្ជាជីវ:សារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមមានការយល់ដឹងបន្ថែមទៀត អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ភាសាខ្មែរ ថែមទាំងបានរួមចំណែកថែរក្សា លើកតម្កើង និងអភិវឌ្ឍន៍ភាសាជាតិឱ្យបានសមស្រប ក៏ដូចជាការរីកចម្រើននៅក្នុងសង្គម ស្របតាមសម័យកាលបច្ចេកវិទ្យាឌីជីថល៕

Post a Comment