ត្រាំ គំរាមទម្លាក់គ្រាប់បែកលើអូម៉ង់ ប្រសិនបើហ៊ានរារាំងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានគំរាមទម្លាក់គ្រាប់បែកលើប្រទេសអូម៉ង់ ប្រសិនបើប្រទេសនេះ «ហ៊ានរារាំង» កិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ ជុំវិញបញ្ហាច្រកសមុទ្រ ហ័រមូស ព្រមទាំងបានទាមទារឱ្យអ៊ីរ៉ង់ចុះចាញ់ផងដែរ។
លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox
News ថា៖ «ប្រសិនបើអូម៉ង់ហ៊ានរារាំង
យើងនឹងទម្លាក់គ្រាប់បែកកម្ទេចពួកគេមិនខាន»។
ការគំរាមកំហែងនេះ គឺសំដៅទៅលើកិច្ចចរចាដែលកំពុងប្រព្រឹត្តទៅរវាងអូម៉ង់ និងអ៊ីរ៉ង់
ជុំវិញការគ្រប់គ្រងច្រកសមុទ្រនេះ
ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនក៏កំពុងស្វែងរកកិច្ចចរចាផ្ទាល់ខ្លួនផងដែរ។
មន្ត្រីអ៊ីរ៉ង់ និងអូម៉ង់ បានជជែកគ្នាជាច្រើនសប្តាហ៍មកហើយ
ហើយកំពុងរៀបចំសេចក្តីប្រកាសរួមមួយ។
ទោះជាយ៉ាងណា លោក ត្រាំ តែងតែអះអាងថា
ច្រកសមុទ្រនេះ (ដែលអ៊ីរ៉ង់បានបិទខ្ទប់តាំងពីសង្គ្រាមផ្ទុះឡើងនៅចុងខែកុម្ភៈ)
គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិក។ លោកថែមទាំងធ្លាប់អះអាងថា
នឹងប្រកាសយកច្រកសមុទ្រហ័រមូសជាផ្នែកមួយនៃទឹកដីអាមេរិកទៀតផង
ខណៈអ៊ីរ៉ង់បានវាយបកវិញថា ផ្លូវទឹកនេះ «នឹងនៅតែជារបស់អ៊ីរ៉ង់ជានិច្ច»។
គួររំលឹកថា ទីក្រុងតេហេរ៉ង់ បានប្រើប្រាស់ការគ្រប់គ្រងច្រកសមុទ្រនេះ
ជាឧបករណ៍ដាក់សម្ពាធប្រឆាំងនឹងការប៉ុនប៉ងរបស់អាមេរិក ដែលចង់កម្ទេចយោធា
និងបង្ខំឱ្យអ៊ីរ៉ង់បោះបង់កម្មវិធីនុយក្លេអ៊ែរ។ លោក ត្រាំ ក៏បានទាមទារឱ្យអ៊ីរ៉ង់ «លើកទង់សចុះចាញ់» និងបានសង្កត់ធ្ងន់ថា
លោកមិនប្រញាប់ប្រញាល់ក្នុងការឈានដល់កិច្ចព្រមព្រៀងនោះទេ
ទោះបីជាសង្គ្រាមនេះមិនសូវទទួលបានការគាំទ្រពីពលរដ្ឋអាមេរិក
មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិក៏ដោយ៕

Post a Comment