អ៊ីរ៉ង់ហាមឃាត់បុគ្គលិកស្ថានទូតបារាំង ២នាក់ មិនឱ្យត្រឡប់ចូលប្រទេសវិញ ជុំវិញការគាំទ្រសង្គមស៊ីវិល
ឌូបៃ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ បានប្រកាសហាមឃាត់បុគ្គលិកស្ថានទូតបារាំងចំនួន ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងជម្លោះការទូតកាលពីខែមុន មិនឱ្យត្រឡប់ចូលមកកាន់ប្រទេសអ៊ីរ៉ង់វិញនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក
អេសម៉ាអ៊ីល បាកៃ (Esmaeil Baghaei) បានចោទប្រកាន់ថា
បុគ្គលិកទាំងពីររូបនោះបានរំលោភលើអនុសញ្ញាទីក្រុងវីយែន (Vienna Convention) តាមរយៈការចូលរួមក្នុងសកម្មភាពគាំទ្រដល់សង្គមស៊ីវិលអ៊ីរ៉ង់។
លោកបានសង្កត់ធ្ងន់ថា ការដែលបារាំងអះអាងថាបុគ្គលិកខ្លួនជួយសង្គមស៊ីវិល
គឺស្មើនឹងការសារភាពថាពួកគេពិតជាបានរំលោភច្បាប់ការទូតប្រាកដមែន។
គួររំលឹកថា កាលពីខែមុន
រដ្ឋមន្ត្រីការបរទេសបារាំងបានបញ្ជាក់ថា បេសកកម្មរបស់បុគ្គលិកស្ថានទូតទាំងពីរ
គឺដើម្បីអភិវឌ្ឍកម្មវិធីគាំទ្រដល់សង្គមស៊ីវិល និស្សិត និងសិល្បករអ៊ីរ៉ង់
ដោយលោកអះអាងថាបារាំងគឺជាប្រទេសដែលជួយសង្គមស៊ីវិលអ៊ីរ៉ង់ច្រើនជាងគេ។
ភាពតានតឹងនេះបានផ្ទុះឡើងកាលពីថ្ងៃទី២១
ខែកក្កដា នៅពេលដែលបារាំងបានកោះហៅភារធារីអ៊ីរ៉ង់មកតវ៉ា
បន្ទាប់ពីចោទប្រកាន់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ថា បានឃាត់ខ្លួន
និងគំរាមកំហែងដល់រូបរាងកាយបុគ្គលិកស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងតេហេរ៉ង់។
ទីក្រុងតេហេរ៉ង់តែងតែមានភាពរសើបយ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីលោកខាងលិច
ជាពិសេសចាប់តាំងពីសង្គ្រាមជាមួយអាមេរិក
និងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក៕

Post a Comment