ត្រាំ ចង់ជួប គីម ជុងអ៊ុន ក្នុងឆ្នាំ២០២៦នេះ
វ៉ាស៊ីនតោន៖ កាសែតអាមេរិក Wall Street Journal (WSJ) នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមមន្ត្រីជំនិតៗរបស់លោកធ្វើយ៉ាងណារៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំនេះ។
ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក Wall
Street Journal បានឱ្យដឹងទៀតថាលោក ត្រាំ
បានពិភាក្សាជាលក្ខណៈឯកជនអំពីការរៀបចំជំនួបទល់មុខជាមួយលោក គីម
អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ី ដែលអាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ
ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុង
Shenzhen ប្រទេសចិន។
បើតាមកាសែតអាមេរិក
បច្ចុប្បន្នមិនទាន់មានគម្រោងជាផ្លូវការណាមួយដើម្បីជំនួបត្រាំ-គីម នៅឡើយទេ។
ប៉ុន្តែលោក ត្រាំ ប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានបង្ហាញពីចំណាប់អារម្មណ៍
ម្ដងហើយម្ដងទៀតចង់ជួបលោក គីម សាជាថ្មី។ មិនតែប៉ុណ្ណោះ ជាការបញ្ជូនសារវិជ្ជមាន លោក
ត្រាំ
ថែមទាំងបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយ
កូរ៉េខាងត្បូងផងដែរ
មន្ត្រីសេតវិមានម្នាក់បាននិយាយថាលោក ត្រាំ
និងលោក គីម អាចនឹងជួបគ្នានៅពេលវេលាស័ក្តិសមណាមួយ។
រីឯបេសកកម្មកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិមិនបាន ធ្វើអត្ថាធិប្បាយអ្វីទេ។
សូមជម្រាបថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក
ត្រាំ បានអះអាងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
បានឆ្លើយតបទៅនឹងការទំនាក់ទំនងពីរូបលោកដើម្បីបើកកិច្ចសន្ទនា
ជាការច្រានចោលទៅនឹងសេចក្ដីរាយការណ៍ថាទីក្រុងព្យុងយ៉ាងមិនបានឆ្លើយតបទៅនឹងការទំនាក់ទំនងពីរូបលោក។
លោក ត្រាំ និងលោក គីម ធ្លាប់បានជួបគ្នាចំនួន៣លើក អំឡុងអាណត្តិទី១របស់លោក៕

Post a Comment