រដ្ឋមន្ត្រីព័ត៌មាន ជំរុញការរៀបចំការកំណត់មុខតំណែង និងពិពណ៌នាមុខតំណែង ឱ្យស្របតាមបរិបទថ្មីនៃការកែទម្រង់រដ្ឋបាល
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការរៀបចំការកំណត់មុខតំណែង និងពិពណ៌នាមុខតំណែង គឺជាកិច្ចការដ៏សំខាន់មួយក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ សំដៅធានាឱ្យការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីរាជការមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមតម្រូវការជាក់ស្តែងរបស់ស្ថាប័ន។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី
ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង
ឱ្យកាន់តែច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ នាព្រឹកថ្ងៃទី១២ ខែសីហា
ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន
នៃទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តមបន្ថែមថា
ការកំណត់មុខតំណែង និងពិពណ៌នាមុខតំណែង
មិនមែនគ្រាន់តែជាការរៀបចំឯកសាររដ្ឋបាលប៉ុណ្ណោះទេ
ប៉ុន្តែជាមូលដ្ឋានសម្រាប់រៀបចំរចនាសម្ព័ន្ធការងារ ការបែងចែកភារកិច្ច
និងការប្រើប្រាស់ធនធានមនុស្សឱ្យចំគោលដៅ។ ឯកឧត្តមបញ្ជាក់ថា តាមរយៈការកំណត់តួនាទី
និងភារកិច្ចឱ្យបានច្បាស់លាស់ នឹងជួយកាត់បន្ថយការត្រួតស៊ីគ្នានៃការងារ
បង្កើនការទទួលខុសត្រូវ និងជំរុញប្រសិទ្ធភាពក្នុងការបំពេញការងាររបស់មន្ត្រីរាជការ។
ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងថា
ក្នុងបរិបទថ្មីនៃការកែទម្រង់ ក្រសួងព័ត៌មានត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន
និងធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យព័ត៌មាន
និងសោតទស្សន៍ ព្រមទាំងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។
ក្នុងន័យនេះ
ការរៀបចំពិពណ៌នាមុខតំណែងត្រូវផ្អែកលើការងារជាក់ស្តែង ជំនាញ សមត្ថភាព
និងលទ្ធផលដែលត្រូវសម្រេច ដើម្បីឱ្យមន្ត្រីម្នាក់ៗយល់ច្បាស់ថា តើត្រូវធ្វើអ្វី
មានការទទួលខុសត្រូវកម្រិតណា និងត្រូវសម្រេចលទ្ធផលអ្វីខ្លះ។
វាក៏ជាមូលដ្ឋានសម្រាប់ការវាយតម្លៃលទ្ធផលការងារ ការអភិវឌ្ឍសមត្ថភាព
និងការប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។
រដ្ឋមន្ត្រី
នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា
ការកែទម្រង់រដ្ឋបាលមិនអាចសម្រេចបានដោយការកែសម្រួលរចនាសម្ព័ន្ធតែមួយមុខឡើយ
ប៉ុន្តែត្រូវភ្ជាប់ជាមួយការកែលម្អរបៀបធ្វើការ ការកំណត់ការទទួលខុសត្រូវ
ការពង្រឹងគុណភាពមន្ត្រី និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព
និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ
ការរៀបចំការកំណត់មុខតំណែង និងពិពណ៌នាមុខតំណែង ត្រូវធ្វើឡើងដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ
និងផ្អែកលើស្ថានភាពការងារជាក់ស្តែង ដើម្បីធានាថា មុខតំណែងនីមួយៗមានតម្លៃ
និងតួនាទីច្បាស់លាស់ មិនមានភាពស្ទួនគ្នា និងអាចវាស់វែងលទ្ធផលការងារបាន។
ការងារនេះ
ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចស្ថាប័ន
និងការកសាងរដ្ឋបាលសាធារណៈទំនើប ដែលមានមន្ត្រីប្រកបដោយសមត្ថភាព វិជ្ជាជីវៈ
និងការទទួលខុសត្រូវ ស្របតាមទិសដៅកែទម្រង់របស់រាជរដ្ឋាភិបាល
និងតម្រូវការរបស់ក្រសួងព័ត៌មានក្នុងបរិបទឌីជីថល។
ឯកឧត្តម រស់
ថាន់សន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន
បានលើកឡើងថា ការវិភាគ និងកំណត់មុខតំណែងមន្ត្រីរាជការក្រសួងព័ត៌មាន
គឺជាកិច្ចការដ៏សំខាន់ ដើម្បីធានាឱ្យការបែងចែកតួនាទី ភារកិច្ច
និងការទទួលខុសត្រូវរបស់មន្ត្រីមានភាពច្បាស់លាស់ និងស្របតាមមុខងាររបស់អង្គភាព។ ឯកឧត្តមបានបញ្ជាក់ថា
ការងារនេះក៏ជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព
ស័ក្តិសិទ្ធភាព និងគុណភាពនៃការបំពេញការងារ
ព្រមទាំងធានាឱ្យមន្ត្រីគ្រប់រូបមានការទទួលខុសត្រូវច្បាស់លាស់តាមមុខតំណែងរបស់ខ្លួន៕





Post a Comment