ក្រសួងវប្បធម៌ ដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ការធ្វើចំណាត់ថ្នាក់ភាពយន្ត
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ឱ្យអនុវត្តប្រកាស ស្តីពី គោលការណ៍ណែនាំ ស្តីពីការធ្វើចំណាត់ថ្នាក់ភាព យន្តនៅកម្ពុជា។
យោងតាមសេចក្តីណែនាំ ស្តីពី ការធ្វើចំណាត់ថ្នាក់ភាពយន្ត បានឱ្យដឹងថា វិស័យភាពយន្ត ក៏កំពុងមានសន្ទុះ រីកចម្រើនយ៉ាងលឿនផងដែរ និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ ដែលបានរួមចំណែកដល់កិច្ចការពារ ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ រួមទាំងការពង្រឹងអំណាចទន់របស់ជាតិតាមរយៈរូបភាព ខ្លឹមសារសាច់រឿង និង សោភ័ណដែលរួមបញ្ចូលនូវគំនិតច្នៃប្រតិដ្ឋ នវានុវត្តន៍ និងបច្ចេកវិទ្យា។សេចក្តីណែនាំបន្តថា វិស័យភាពយន្តបាននិងកំពុងរួមចំណែកក្នុងការបង្កើតប្រភពកំណើនថ្មីនិងការធ្វើពិពិធកម្មនៃសេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់ មនសិការស្នេហាជាតិ និងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គមនិងសេចក្តីថ្លៃថ្នូរ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយ ប្រទេស ។ ទន្ទឹមនឹងដំណើរវិវត្តរីកចម្រើននេះ វិស័យភាពយន្តក៏ប្រឈមនឹងបញ្ហាយ៉ាងគំហុកនៃរសនិយម គ្រប់ប្រភេទដែលអាចបង្កផលប៉ះពាល់ដល់ទស្សនិកជន និងជះឥទ្ធិពលអវិជ្ជមានដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ប្រាសចាកក្រមសីលធម៌ សេចក្តីថ្លៃថ្នូរសង្គម និងកិត្យានុភាពជាតិផងដែរ ។
យន្តការនៃការគ្រប់គ្រងខ្លឹមសាររូបភាព តាមរយៈគោលការណ៍ណែនាំស្តីពីការធ្វើ ចំណាត់ថ្នាក់ភាពយន្ត គឺជាកិច្ចការចាំបាច់ ដើម្បីធានាឱ្យបាននូវការការពារ ចំពោះអ្នកទស្សនា ពិសេស អនីតិជនដែលជាកុមារ ចៀសវាងបានពីសកម្មភាព ដែលប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម ដែលអាចបង្កផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកិត្យានុភាពជាតិ ។
គោលការណ៍ណែនាំ ស្តីពីការធ្វើចំណាត់ថ្នាក់ភាពយន្ត ជាឧបករណ៍និយតកម្មមួយ ដែលជួយ ពង្រឹង និងលើកកម្ពស់គោល នយោបាយជាតិស្តីពីវិស័យវប្បធម៌ សំដៅធ្វើឱ្យមានតុល្យភាពរវាងសេរីភាព នៃការច្នៃប្រឌិត ជាមួយនឹងការអភិរក្សវប្បធម៌ ។ លើសពីនេះ គោលការណ៍ ណែនាំស្តីពីការធ្វើចំណាត់ថ្នាក់ភាពយន្ត នឹងជួយតម្រង់ទិសការផលិតស្នាដៃ ភាពយន្ត និងធ្វើឱ្យបរិយាកាស នៃការកម្សាន្តមានតុល្យភាព ប្រកបដោយទំនួលខុសត្រូវ៕









Post a Comment