ថ្ងៃស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងសម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលផ្លូវ ៣ខ្សែ ក្នុងខេត្តក្រចេះ
ភ្នំពេញ ៖ សមិទ្ធផលផ្លូវចំនួន ៣ខ្សែ នៅខេត្តក្រចេះ នឹងត្រូវដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សមិទ្ធផលផ្លូវទាំង ៣ខែ្សនោះ រួមមាន៖ ផ្លូវជាតិលេខ៧៣, ផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A។
១/-
ផ្លូវជាតិលេខ៧៣ មានចំណុចចាប់ពីផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ
ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដល់ស្ពានកំពង់រាំង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ
ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ៤៩,៨១២ គ.ម ដោយលើកកម្ពស់
និងពង្រីកទទឹងផ្លូវដល់១១ម៉ែត្រ មាន២គន្លងផ្លូវ។
២/-
លើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវខេត្តលេខ ៣៧៧ មានប្រវែងសរុប ៣៥ គ.ម (គ.ម០+៥០០
ដល់គ.ម៣៥+៥០០) ដែលមានចំណុចចាប់ផ្តើមប្រវែង ៥០០ម៉ែត្រ ពីរង្វង់មូលព្រាប ស
(ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០
(ស្រុកសំបូរ ខេត្តក្រចេះ) និងផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប ១៣,៥៩៣ គ.ម (គ.ម0+០០០ ដល់គ.ម១៣+៥៩៣)
គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិសង្គម
ឃុំសណ្តាន់ ស្រុកសំបូរ នៃខេត្តក្រចេះ ដោយស្ថាបនាក្រាលកៅស៊ូប្រភេទបេទីមីណឺ (AC)
កម្រាស់ ៥ សម។
ផ្លូវទាំង៣ខ្សែនេះសាងសង់
រយៈពេល២១ខែ និងសុពលភាពជួសជុលថែទាំ៥០ខែ ដោយត្រូវបានសម្ពោធ
បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
កាលបរិច្ឆេទចាប់ផ្តើមសាងសង់ផ្លូវជាតិលេខ៧៣ ថ្ងៃទី១
ខែកក្កដា ឆ្នាំ២០២៣ និងបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
កាលបរិច្ឆេទចាប់ផ្តើមសាងសង់ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែមីនា
ឆ្នាំ២០២៥។
គួរបញ្ជាក់ថា
សមិទ្ធផលទាំងនេះមានសារសំខាន់ណាស់សម្រាប់ការតភ្ជាប់ផ្ទៃក្នុង
និងជំរុញសេដ្ឋកិច្ចតំបន់ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ៕












Post a Comment