ឥទ្ធិពលព្យុះសង្ឃរា«ដូលហ្វីន» នឹងធ្វើឱ្យកម្ពុជាមានភ្លៀង លាយឡំផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី៤ខែសីហា

ភ្នំពេញ៖ ឥទ្ធិពលព្យុះសង្ឃរាទី១៣ ឈ្មោះ «ដូលហ្វីន» (Dolphin) នឹងធ្វើឱ្យតំបន់ជាច្រើននៅកម្ពុជា បន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមការព្យាករណ៍អាកាសធាតុ ពីក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា មិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ «ដូលហ្វីន» នេះទេ។

យោងតាមការព្យាករ ស្ថានភាពធាតុអាកាសនេះ តំបន់វាលទំនាប រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ផ្ទៃដី ៤០ភាគរយ។

ដោយឡែក តំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ផ្ទៃដី ៦០ភាគរយ។

សម្រាប់តំបន់មាត់សមុទ្រវិញ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ផ្ទៃដី ៤០ភាគរយ ខណៈរលកសមុទ្រអាចមានកម្ពស់ពី០,៥០ ម៉ែត្រ ដល់១,៧៥ម៉ែត្រ៕







Powered by Blogger.