ត្រាំ បញ្ជាឱ្យកាត់បន្ថយសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយ គីម ជុងអ៊ុន
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ បានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដោយរូបលោកលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូលក្នុងការចូលរួមក្នុងសកម្មភាពប្រឆាំងនឹងអ៉ីរ៉ង់ និងទំនាក់ទំនងល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន។
នៅប៉ុន្មានម៉ោង មុននឹងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងផ្ដើមធ្វើឡើងនៅថ្ងៃចន្ទ
ទី១៧ ខែសីហា លោក ត្រាំ បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គម Truth
Social ថាទោះបីជាវាយឺតពេលទៅហើយដើម្បីលុបចោលការធ្វើសមយុទ្ធទាំងស្រុងក៏ដោយ
តែលោកមិនសប្បាយចិត្តនោះទេដែលសហរដ្ឋអាមេរិកបានយល់ព្រមកន្លងមកចូលរួមក្នុងការធ្វើសមយុទ្ធនេះ។
សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឈ្មោះ Ulchi Freedom Shield គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧
ដល់ថ្ងៃទី២៧ ខែសីហា ដោយមានកងទ័ពកូរ៉េខាងត្បូង ១៨០០០នាល់ចូលរួម។
សមយុទ្ធនេះត្រូវបានរំពឹងថានឹងផ្ដោតលើការហ្វឹកហាត់ពីការធ្វើប្រតិបត្តិការដូចជាការប្រយុទ្ធប្រឆាំងនឹងដ្រូន
ការទប់ស្កាត់ការផ្ដាច់រលកសញ្ញា GPS និងការវាយប្រហារសាយប័រសំដៅទប់ទល់នឹងការរីកចម្រើននៃសមត្ថភាពយោធាកូរ៉េខាងជើង។
នៅក្នុងការបង្ហោះនោះ លោក ត្រាំ
ក៏បានលើកឡើងដែរពីទំនាក់ទំនងល្អរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ «សមយុទ្ធនេះមិនត្រឹមតែចំណាយលុយច្រើនប៉ុណ្ណោះទេ...ប៉ុន្តែវាក៏ជាការបញ្ជូនសារសមរម្យ
និងអរិភាពយ៉ាងខ្លាំងទៅកាន់ប្រទេសមួយ (កូរ៉េខាងជើង) ដែលមិនបង្កការគំរាមកំហែង
និងគួរឱ្យគោរព ដរាបណា Donald J. Trump នៅតែជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
លោក ត្រាំ
ក៏បានលើកឡើងផងដែរពីគោលជំហរថ្មីៗនេះរបស់កូរ៉េខាងត្បូងចំពោះសង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់។
លោកបានបន្ថែមថា «ខ្ញុំបានស្នើសុំលោកប្រធានាធិបតីកូរ៉េខាងត្បូង
ថាតើពួកគេចង់ចូលរួមជាមួយនឹងពួកយើងដើម្បីរំសាយនុយក្លេអ៊ែររបស់អ៉ីរ៉ង់ដែរឬទេ?
តែពួកគបានឆ្លើយថា ទេ»។
ភ្លាមៗខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញការកត់សម្គាល់របស់លោក
ត្រាំ នៅឡើយទេ ហើយខាងមន្ទីរបញ្ចកោណក៏មិនបាននិយាយអ្វីនោះទេ។
កូរ៉េខាងជើងជារឿយៗតែងតែចាត់ទុក ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក
និងកូរ៉េខាងត្បូងគឺជាការត្រៀមលក្ខណៈឈ្លានពាន និងតែងតែធ្វើតេស្ដបាញ់សាកល្បងមីស៊ីលជាការឆ្លើយតបទៅនឹងរាល់ពេលដែលសម្ព័ន្ធមិត្ត
ដឹកនាំការធ្វើសមយុទ្ធយោធា៕

Post a Comment