តួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន នឹងបើកកិច្ចប្រជុំលើកដំបូងនៃសន្ធិសញ្ញាការពារជាតិរួម

អ៊ីស្តង់ប៊ុល៖ ប្រភពពីក្រសួងការបរទេសតួកគីយ៉េ បានឱ្យដឹងថាមន្ត្រីជាន់ខ្ពស់នៃប្រទេសតួកគី អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន នឹងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃចន្ទនេះ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការលើកដំបូងបំផុត ក្រោមកិច្ចព្រមព្រៀងការពារជាតិរួមគ្នា ដែលប្រទេសទាំងបីបានចុះហត្ថលេខាកាលពីដើមខែសីហានេះ។

កិច្ចព្រមព្រៀងការពារជាតិរួម «Mecca Joint Defence Agreement» ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែសីហា គឺជាការចងសម្ព័ន្ធភាពរវាងប្រទេសមូស្លីមស៊ុននីទាំងបី ដែលមានក្តីបារម្ភរួមគ្នាជុំវិញសង្គ្រាមអ៊ីរ៉ង់ និងជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹងការទប់ស្កាត់រួមគ្នាប្រឆាំងនឹងការឈ្លានពាននានា ដោយចែងថា ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងប្រទេសណាមួយក្នុងចំណោមប្រទេសទាំងបី នឹងត្រូវចាត់ទុកថាជាការវាយប្រហារលើប្រទេសទាំងអស់ ស្រដៀងគ្នាទៅនឹងមាត្រាទី៥ នៃសន្ធិសញ្ញាការពារជាតិរួមរបស់អង្គការណាតូ (NATO) ដែរ។

កិច្ចប្រជុំនេះនឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ព្រមទាំងអគ្គសេនាធិការកងទ័ពនៃប្រទេសទាំងបី ដោយរបៀបវារៈនឹងផ្តោតសំខាន់លើបញ្ហាសន្តិសុខអន្តរជាតិ ការពង្រឹងសមត្ថភាពការពារជាតិ ការបង្កើនកិច្ចសហប្រតិបត្តិការប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងការពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ រួមទាំងការស្រាវជ្រាវ និងផលិតសព្វាវុធរួមគ្នាផងដែរ។

សូមជម្រាបថា ប្រទេសតួកគីយ៉េ ដែលមានកម្លាំងយោធាធំជាងគេលំដាប់ទីពីរក្នុងអង្គការណាតូ បានបញ្ជាក់ថា សន្ធិសញ្ញាការពារជាតិជាមួយប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែរ និងអារ៉ាប៊ីសាអូឌីតដែលជាអ្នកនាំចេញប្រេងធំជាងគេលើពិភពលោក គឺបើកចំហសម្រាប់ការចូលរួមពីសមាជិកបន្ថែម (ដោយមានប្រទេសអេហ្ស៉ីបជាបេក្ខភាពសក្តានុពល) ហើយកិច្ចព្រមព្រៀងនេះមិនមែនបង្កើតឡើងដើម្បីជំនួសសម្ព័ន្ធភាពដែលមានស្រាប់នោះឡើយ៕ (Reuters)



 

Powered by Blogger.